ប្រើល្បិច ខ្ចីម៉ូតូយកទៅធាក់យកម៉ូតូប្រាប់ម្ចាស់ម៉ូតូថាគេប្លន់
ខេត្តសៀមរាប៖ជនសង្ស័យចំនួនបីនាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបធ្វើការចាប់ខ្លួនករណីអំពើលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា(លួចម៉ូតូ និងវាយយកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវខាងត្បូងកន្លែងលក់សំបុត្រភ្ញៀវទេសចរណ៍ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជនសង្ស័យ ០២នាក់ ឈ្មោះ ឈុន សែនសិសិទ្ធិ និងឈ្មោះ វណ្ណ វិសាល បានខ្ចីម៉ូតូម៉ាកហុងដាស្គុបពី ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ផ្លាកលេខសៀមរាប ១AV-៩០២២ ពីជនរងគ្រោះ រួចជិះទៅធ្វើសកម្មភាពធាក់ម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀតក្នុងគោលបំណងធាក់ផ្តួលយកម៉ូតូ។ ប៉ុន្តែអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ឈ្មោះ ណាត នាថ (ជាមុខសញ្ញាលួចម៉ូតូ) បានដេញវាយបកវិញ ហើយជិះម៉ូតូម៉ាកហុងដាស្គុបពីនោះ រត់គេចខ្លួនបាត់ ដោយបន្សល់ម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុ រួចខាងភាគីដែលធ្វើសកម្មភាពធាក់គេនោះ ក៏ឱ្យបក្ខពួកមកជិះម៉ូតូហុងដាឌ្រីម នោះគេចខ្លួនផងដែរ រួចក៏ប្រាប់ម្ចាស់ដើមថាត្រូវគេប្លន់។
អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបន្តថាក្រោយទទួលបានបណ្តឹង កម្លាំងជំនាញបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាងម៉ូតូ ០២គ្រឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះផងដែរបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងបី ជាលទ្ធផលជនសង្ស័យឈ្មោះ ណាត នាថ ហៅចយ មានផ្ទុកសារធាតុញៀន។
អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថាវត្ថុតាងដែលដកហូតពីជនសង្ស័យខាងលើរួមមាន៖ ម៉ូតូចំនួន០២គ្រឿង សមត្ថកិច្ចយើងបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ។ បច្ចុប្បន្នជនសង្ស័យទាំងបី ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
សូមជម្រាបថាប្រតិបត្តិការនេះដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP