អ្នកតំណាងរាស្ត្រខេត្តសៀមរាបថា៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានសេវាអប់រំដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ

អ្នកតំណាងរាស្ត្រខេត្តសៀមរាបថា៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានសេវាអប់រំដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ
0

អ្នកតំណាងរាស្ត្រខេត្តសៀមរាបថា៖ ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានសេវាអប់រំដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃសាលាមត្តេយ្យសិក្សាសហគមន៍ភូមិគោកថ្មីសន្តិភាពដែលស្ថិតនៅក្នុងភូមិគោកថ្មី ឃុំក្រូចគរមស្រុកក្រឡាញ់ ខេត្តសៀមរាប នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានថ្លែងថា ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានសេវាអប់រំកុមារតូចដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយហើយមត្តេយ្យសិក្សានៅតាមសហគមន៍គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយអភិវឌ្ឍកុមារតូចនៅតាមមូលដ្ឋាន មុនពេលពួកគេឈានចូលទំព័រការសិក្សាបឋមសិក្សា រួមទាំងបណ្តុះស្មារតី គំនិត និងចំណេះដឹងដំបូងរបស់កុមារឱ្យបានល្អប្រសើរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបន្តថា សាលាមត្តេយ្យសិក្សាសហគមន៍ ដែលដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ នឹងក្លាយជាទីកន្លែងផ្ដល់នូវចំណេះដឹងល្អៗ ដល់កុមារក្នុងតំបន់នេះ និងបានចូលរៀនទទួលយកការអប់រំដ៏ល្អពី លោកគ្រូអ្នកគ្រូបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយជាមូលដ្ឋានក្នុងការត្រៀមលក្ខណៈ និងបង្កើតទំលាប់នៃ ការសិក្សារបស់កុមារ។

ឯកឧត្តម អ្នកឧកញ៉ាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបបានមានប្រសាសន៍ជំរុញនិងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋនិងជាមាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យសិក្សាឲ្យបានគ្រប់ៗគ្នា ព្រោះគឺជាថ្នាលបណ្ដុះ បណ្ដាល ដំបូង សម្រាប់ឲ្យកុមារចេះស្រឡាញ់ការសិក្សាពីតូចៗទៅ។ ដូច្នេះហើយសូមលោកឪពុក អ្នកម្តាយ និងអាណាព្យាបាលទាំងអស់ ចាំបាច់ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ ដើម្បីធានាថាកូនៗជាកុមារគ្រប់រូបនៅក្នុងសហគមន៍ទាំងអស់ទទួលបានឱកាសរៀនសូត្ររហូតដល់ថ្នាក់កម្រិតខ្ពស់គឺត្រូវជំរុញឲ្យមកសាលារៀនឱ្យបានទៀងទាត់ និងចៀសវាងការបោះបង់ការសិក្សាមុនអាយុ ព្រោះ”កុមារថ្ងៃនេះគឺជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងនៃសង្គមជាតិយើងនៅថ្ងៃស្អែក។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឲ្យដឹងថា សាលាមត្តេយ្យសិក្សាសហគមន៍ ភូមិគោកថ្មី សន្តិភាព បានផ្តួចផ្តើមបង្កើតឡើង ដោយផ្អែកលើសំណូមពរ និងតម្រូវ ការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅភូមិគោកថ្មី និងភូមិរើល។ ហើយកន្លងមក សាលាមត្តេយ្យ រដ្ឋដែលមានស្រាប់ស្ថិតនៅឆ្ងាយពីមូលដ្ឋាន ដោយហេតុនេះ ហើយគ្រួសារមួយចំនួនមានការលំបាកក្នុងការបញ្ជូនកូនចៅទៅរៀន។

ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរឃុំឱ្យជួយសម្របសម្រួលបង្កើតសាលាមត្តេយ្យសហគមន៍មួយនៅ ក្នុងមូលដ្ឋាន ដើម្បីឱ្យកុមារអាចទទួលបានការអប់រំនៅជិតផ្ទះ ។

លោកអភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតដោយសារសាលាមត្តេយ្យសហគមន៍បានដំណើរការបង្រៀនជាបន្តបន្ទាប់ ដោយមានកុមារចូលរៀនកាន់តែ ច្រើន ព្រមទាំងទីតាំងបង្រៀនកន្លងមកជាទីតាំងបណ្តោះអាសន្ន និងមិនសមស្របសម្រាប់ការបង្រៀនរយៈពេលវែង ទើបប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ បានស្នើសុំរៀបចំទីតាំងសម្រាប់សង់អគារសាលាមត្តេយ្យសហគមន៍ជាអចិន្ត្រៃយ៍។

ជាការឆ្លើយតបនឹងតម្រូវការខាងលើ សប្បុរសជនក្នុងភូមិគោកថ្មី គឺលោក ហួក កេត និងអ្នកស្រី សាន់ យ៉ាង រស់នៅ ភូមិគោកថ្មី ឃុំក្រូចគរ បានបរិច្ចាគដីចំនួន ១កន្លែង ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ស្មើនឹង ៦០០ ម៉ែត្រការ៉េ សម្រាប់ឃុំ ប្រើប្រាស់ជាទីតាំងសាលាមត្តេយ្យសហគមន៍ស្តង់ដា។

ក្នុងការរៀបចំ និងសាងសង់សាលាមត្តេយ្យសហគមន៍ ភូមិគោក ថ្មី សន្តិភាព ទទួលបានការឧបត្ថម្ភ និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់និងគាំទ្រពេញលេញពី ឯកឧត្តម ឃុត វុត្យារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រឡាញ់ ប្រធានក្រុមការងារចុះជួយឃុំក្រូចគរ រួមជាមួយនិងការក្រុមការងារ បានធ្វើការសាងសង់នូវអាគារសាលា១ខ្នង មាន១បន្ទប់ .បន្គន់អនាម័យ ១ខ្នង២បន្ទប់ .ក្លោងទ្វាសាលា.របងព័ទ្ធជុំវិញសាលា បុកអណ្តូងទឹក តភ្ជាប់បណ្តាញអគ្គិសនី .បំពាក់តុកៅអីសិស្ស ព្រមទាំងធ្វើផ្លូវបេតុងក្នុងសាលានិងចាក់ថ្មក្រួសផ្លូវមុខសាលាដែលចំណាយថវិកាអស់ចំនួន១៤,៤៨០ដុល្លារ ។

ជំនួសមុខឱ្យប្រជាពលរដ្ឋ ឃុំក្រូចគរទាំងអស់ លោក សុខ ណារ៉េត ក៍បានថ្លែងនូវការកោតសរសើរ និងថ្លែងនូវ អំណរគុណ ចំពោះឯកឧត្តម ឃុត វុត្យារិទ្ធ និងក្រុមការងារចុះជួយឃុំក្រូចគរ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការ កសាង សាលាមត្តេយ្យសិក្សាសហគមន៍ នេះ ដើម្បីការសិក្សាជាមូលដ្ឋានដំបូងរបស់កុមារតូចៗ ផងដែរ៕SRP