អាជ្ញាធរខេត្តសៀមរាប៖ ភាពជោគជ័យពិតប្រាកដរបស់សិស្ស មិនមែនមានត្រឹមចំណេះដឹងនោះទេ តែត្រូវមានសីលធម៌ និងគុណធម៌ជាចាំបាច់
អាជ្ញាធរខេត្តសៀមរាបបានគូសបញ្ជាក់ថា ភាពជោគជ័យពិតប្រាកដរបស់សិស្សានុសិស្ស មិនមែនត្រឹមតែការមានចំណេះដឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសីលធម៌ សុជីវធម៌ និងគុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន ក្នុងការវាស់ស្ទង់នូវភាពជោគជ័យពិតប្រាកដ។
ក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា នៃសាលាអន្តរជាតិស្មាធឃីដ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ុំខិតខំហ្វឹកហ្វឺន និងរៀនសូត្របន្ថែមលើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ឱ្យទាន់ការវិវត្តរីកចម្រើននៃសង្គមជាតិ។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាពលរដ្ឋល្អមានប្រយោជន៍ដល់សង្គម។
លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌។ ផែនការយុទ្ធសាស្ត្រក្នុងវិស័យអប់រំ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ មុំទី១ និងមុំទី៥ ផ្តោតលើការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន ការពង្រឹងវិធីសាស្ត្របង្រៀន និងការលើកកម្ពស់ជីវភាព និងគុណតម្លៃរបស់បុគ្គលិកអប់រំគ្រប់កម្រិតផងដែរ។
លោកបណ្ឌិត សេង ឡុង អគ្គនាយកសាលាអន្តរជាតិស្មាធឃីដ បានលើកឡើងថា ការអប់រំដែលមានគុណភាព គឺមិនត្រឹមតែរៀបចំសិស្សឱ្យប្រឡងជាប់ ឬបានពិន្ទុល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលឱ្យពួកគាត់មានចំណេះដឹង ជំនាញ ចរិតលក្ខណៈ ទំនុកចិត្ត និងសមត្ថភាពដឹកនាំក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សាលាបានកំណត់ «សសរស្ដម្ភ៧» ជាទស្សនវិជ្ជាស្នូលនៃការអប់រំ រួមមាន៖ ឧត្តមភាពសិក្សា ការអភិវឌ្ឍចរិតលក្ខណៈ នវានុវត្តន៍ សហគ្រិនភាព សមត្ថភាពសកល និងសមត្ថភាពត្រៀមខ្លួនសម្រាប់អនាគត។ សសរស្តម្ភទាំងនេះត្រូវបានបញ្ជ្រាបទៅក្នុងការបង្រៀន ការរៀន និងសកម្មភាពអនុវត្តជាក់ស្តែង៕SRP
អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ