អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
0

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យបន្តជំរុញការអភិវឌ្ឍខេត្តជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តរភាព និងចីរភាព ដោយយកចិត្តទុកដាក់លើការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ការលើកឡើងនេះធ្វើឡើងក្នុង វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាមបានខិតខំជំរុញការអភិវឌ្ឍ និងលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ព្រមទាំងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក៏ជំរុញការធ្វើធុរកិច្ច និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការប្រើប្រាស់ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ខេត្តកំពង់ចាមត្រូវការបង្កើនទំហំផលិតផលក្នុងស្រុកសរុប (GDP) ឱ្យស្ថិតក្នុងរង្វង់ ៥,០០០លានដុល្លារអាមេរិក និងធានាឱ្យប្រជាពលរដ្ឋម្នាក់ៗទទួលបានចំណូលជាមធ្យមក្នុងរង្វង់ ៤,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ចាមសម្រេចបានកំណើនសេដ្ឋកិច្ច ៦,១% ដោយមានទំហំសេដ្ឋកិច្ចសរុបប្រមាណ ៣,០៧៦លានដុល្លារអាមេរិក។ សេដ្ឋកិច្ចខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត វិស័យឧស្សាហកម្ម មានចំណែកប្រមាណ ៣៣,៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧,៦%។

ដោយឡែក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capita) ក្នុងខេត្តកំពង់ចាម មានចំនួនប្រមាណ ២,៨៣២ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕SRP