‎មាននៅក្រុងសៀមរាប អាជីវករលក់សម្លៀកបំពាក់ដោយភ្ជាប់សំណេរអសុរោះ

‎មាននៅក្រុងសៀមរាប អាជីវករលក់សម្លៀកបំពាក់ដោយភ្ជាប់សំណេរអសុរោះ
0

‎អាជ្ញាធរខេត្តសៀមរាប ធ្វើកិច្ចសន្យាដល់អាជីវករលក់សម្លៀកបំពាក់ដោយភ្ជាប់សំណេរអសុរោះ

‎លោក លី សារី អភិបាលរងខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានដឹកមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមួយដែលបានដាក់តាំងលក់សម្លៀកបំពាក់មួយចំនួនក្នុងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនូវពាក្យអសុរោះ និងមិនគួរគប្បី ដែលវាអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ មិនតែប៉ុណ្ណោះថែមទាំងទាញឱ្យគុណតម្លៃអក្សរសាស្ដ្រជាតិធ្លាក់ចុះផងដែរ។

‎លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ការចុះណែនាំ និងធ្វើកិច្ចសន្យានេះ មិនមានគោលបំណងរារាំងដល់ការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករយើងនោះទេ ប៉ុន្តែជាការអប់រំ និងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយនូវខ្លឹមសារដែលមិនសមរម្យនៅក្នុងទីសាធារណៈ ពិសេសខ្លឹមសារដែលប្រើពាក្យអសុរោះ គ្រោតគ្រាត ឬប៉ះពាល់ដល់សីលធម៌ និងសុជីវធម៌របស់សង្គម។

‎លោកបញ្ជាក់ថា សម្លៀកបំពាក់ជាវត្ថុដែលមនុស្សប្រើប្រាស់ជាប្រចាំ និងអាចបង្ហាញជាសាធារណៈបានយ៉ាងទូលំទូលាយ ដូច្នេះការបោះពុម្ពពាក្យពេចន៍ ឬសារដែលមិនសមរម្យលើអាវយឺត អាចធ្វើឱ្យកុមារ យុវជន និងសាធារណជនទូទៅ ទទួលយក ឬយល់ថាពាក្យទាំងនោះជារឿងធម្មតា។ ប្រសិនបើបន្តរីករាលដាល វាអាចបង្កឱ្យមានការធ្លាក់ចុះនៃសីលធម៌ សុជីវធម៌ និងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវក្នុងសង្គមយ៉ាងខ្លាំង។
‎ 
‎បើតាម លោក មេ សំបូ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែងនាពេលនេះ ក្រុមការងារបានរកឃើញអាវយឺតមួយចំនួនដែលមានបោះពុម្ពជាអក្សរ ដោយប្រើប្រាស់ពាក្យពេចន៍មិនសមគួរ ដែលអាចប៉ះពាល់ដល់តម្លៃសីលធម៌សង្គម។
‎….. សម្ភាសន៍ លោក មេ សំបូ……
‎ 
‎សូមបញ្ជាក់ថា ក្នុងសកម្មភាពចុះអប់រំណែនាំ និងត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញអាវយឺតចំនួន ៤៥អាវ ដែលមានបោះពុម្ពពាក្យពេចន៍អសុរោះ មិនសមរម្យ អសីលធម៌ និងមិនគួរគប្បី។ ករណីនេះត្រូវបានអាជ្ញាធរចាត់ទុកថា ជាខ្លឹមសារដែលអាចប៉ះពាល់ដល់សីលធម៌ សុជីវធម៌ និងតម្លៃវប្បធម៌ជាតិ ដូច្នេះអាជ្ញាធរបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង និងបន្តតាមដាន និងចាត់វិធានការសមស្របជាបន្តបន្ទាប់ទៀត ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងចែកចាយផលិតផលប្រភេទដែលប៉ះពាល់ដល់សង្គមផងដែរ៕SRP

អត្ថបទ៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ