តំណាងរាស្ត្រមណ្ឌលសៀមរាប ចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការចាំបាច់សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ

តំណាងរាស្ត្រមណ្ឌលសៀមរាប ចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការចាំបាច់សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ
0

តំណាងរាស្ត្រមណ្ឌលសៀមរាប ចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការចាំបាច់សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ

ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម គឺជាកិច្ចការដ៏មានសារៈសំខាន់ ដើម្បីទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ព្រមទាំងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋទូទៅ ដូចជាការកសាងរបង ខ្លោងទ្វារ និងផ្លូវថ្នល់ គឺដើម្បីកំណត់ព្រំប្រទល់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងងាយស្រួលក្នុងការធ្វើដំណើរចេញចូលវត្តក្នុងវត្តផងដែរ។

ឯកឧត្តមលើកឡើងបែបនេះក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យយកមកកសាងខ្លោងទ្វារថ្មីនៃវត្តប្រាសាទគោកចក ក្រុងសៀមរាប ដើម្បីសម្រួលដំណើរឆ្លងកាត់របស់ប្រជាពុទ្ធបរិស័ទដែលមានសទ្ធាមកបំពេញបុណ្យផ្សេងៗ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសានព្រះគ្រូចៅអធិការវត្ត។

ឯកឧត្តមបានរំលឹកពីអតីតកាលរបស់កម្ពុជា ក្នុងរបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធយើងត្រូវបំផ្លិចបំផ្លាញស្ទើរតែគ្មានសល់។ ហើយអាស្រ័យដោយមានជ័យជំនះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុត និងទទួលបានសិទ្ធសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចម្រើនជាលំដាប់មកដល់បច្ចុប្បន្នទាំងពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្ដែងនាពេលនេះ ឯកឧត្ដមបានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះម្ចាស់សទ្ធាទាំងអស់ដែលបានរួមចំណែកបរិច្ចាគធនធានថវិកាជួយឧបត្ថម្ភ កសាងកែលំអហេដ្ឋារចនាសម្ព័ន្ធវត្ត សម្រាប់ទុកជាសម្បត្តិគរុភណ្ឌ និងដើម្បីរួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងឋិតថេរយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្ត មានថេរដីកាថា ខ្លោងទ្វារថ្មីនេះ មានទទឹងប្រវែង ១០ម៉ែត្រកន្លះ និងកម្ពស់ ១១ម៉ែត្រកន្លះ ដែលគ្រោងចំណាយថវិកាជាង ៣ម៉ឺនដុល្លារ។ ព្រះអង្គបានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមបន្តបរិច្ចាគធនធានថវិកាតាមសទ្ធា ដើម្បីឱ្យសមិទ្ធផលមួយនេះសម្រេចទៅបានឆាប់រហ័ស ទុកជាសម្បត្តិគរុភណ្ឌវត្តរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លារួមចំណែកក្នុងការកសាងខ្លោងទ្វារ ក៏ដូចជាសមិទ្ធនានាក្នុងវត្ត ដើម្បីជួយលើកកម្ពស់សោភ័ណភាពវត្តអារាម ហើយថែមទាំងជាការរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនរុងរឿង៕SRP

អត្ថបទ៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ