តុលាការសម្រេចចោទប្រកាន់មន្រ្តីក្រសួងការបរទេស ថូ សំណាង និងគូកន២នាក់ ក្រោយ ACU ឃាត់ខ្លួន
ភ្នំពេញ៖តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់មន្រ្តីក្រសួងការបរទេសលោក ថូ សំណាង និងគូកន២នាក់ទៀតជាផ្លូវការ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនជាប់ពាក់ព័ន្ធបទល្មើស Online Scams។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ថា
បុគ្គលទាំង៣នាក់ ត្រូវបានចោទប្រកាន់ដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ថូ សំណាង ពីបទ «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់» តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។
*ទី២៖ ឈ្មោះ ណុប រដ្ឋា ពីបទ «សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់» តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។
*ទី៣៖ ឈ្មោះ យស់ រ៉ាណេ ពីបទ «សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទសម្អាតប្រាក់» តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជូនលោក ថូ សំណាង ដែលជាមេក្លោង និងគូកន ២នាក់ទៀត គឺលោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងថា «លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់ថាបានកំទេចចោល។ យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបាស់»។
សូមបញ្ជាក់ថា លោក ថូ សំណាង ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋានៈស្មើអគ្គនាយក៕SRP