អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ទៅតុលាការនៅល្ងាចនេះ
ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនលោក ថូ សំណាង ដែលជាមេក្លោង និងគូកន ២នាក់ទៀត គឺលោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់សារព័ត៌មានថា៖ អង្គភាព ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។
សូមបញ្ជាក់ថា លោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន ACU នាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងបទល្មើស Online Scams។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា៖ «លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់ថាបានកំទេចចោល»។
លោកទេសរដ្ឋមន្រ្តី ថ្លែងបញ្ជាក់ថែមទៀតថា៖ «យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបាស់»។
សូមបញ្ជាក់ថា លោក ថូ សំណាង ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក៕SRP