អភិបាលខេត្តកំពង់ចាម៖ វិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានភូមិសាស្ត្រ និងសណ្ឋានដីអំណោយផលខ្លាំងលើវិស័យកសិកម្ម ជាពិសេស ដំណាំកសិ-ឧស្សាហកម្ម និងដំណាំរួមផ្សំ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ខេត្តមានប្រជាពលរដ្ឋ ប្រកបមុខរបរ ក្នុងវិស័យកសិកម្មជាចម្បងប្រមាណ ៦២,១% ហើយវិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ។
ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ សីហា ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣២ ដុល្លារ។ ខេត្តកំពង់ចាម មានផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង ចំនួន ៤២.៧៣០ហិចតា ស្រូវវស្សា ១០៥.៨០០ហិចតា ផ្ទៃដីដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម រដូវប្រាំង ១០.១៦៨ហិចតា រដូវវស្សា ៤៩.៧០០ហិចតា ផ្ទៃដីដំណាំអចិន្ត្រៃយ៍(ឈើហូបផ្លែ) ៩១.១៤៧ហិចតា និងដំណាំកៅស៊ូ ចំនួន ២៩.៥៦៤ហិចតា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងមួយក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ពង្រាយមន្ត្រី កសិកម្ម នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស សម្រាប់ខេត្តកំពង់ចាម ទទួលបាមន្ត្រីកសិកម្មឃុំ- សង្កាត់ ចំនួន ១០៤នាក់/លេី១០៩ឃុំ-សង្កាត់។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដេីម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ “មានហូប មានប្រេី មានបាន និងមានរហូត” ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ចជួយដល់ប្រជាកសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លេីការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប ដេីម្បីទទួលបានផលចំណេញ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕SRP