មនុស្សបួននាក់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាបពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម
ខេត្តសៀមរាប៖អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួនករណីលួចនិងទទួលផលចោលកម្មនិងត្រូវបានបញ្ជូនទៅតុលាការក្រោយពីបានសាកសួរចម្លើយ។
អាវុធហត្ថខេត្តសៀមរាបបានបន្តថា កាលពីវេលាម៉ោង១១ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខ 1296 ថា មានម៉ូតូ០១គ្រឿង ប្លុងចោលក្នុងដីឡូតិ៍ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រក្រុងសៀមរាប។
អាវុធហត្ថខេត្តសៀមរាបបានបន្តទៀតថាបន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០២និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលពាក់ព័ន្ធករណី អំពើលួច (លួចម៉ូតូ) និងបានបន្តស្រាវជ្រាវ ឃាត់ខ្លួនមនុស្សចំនួន០២នាក់ទៀត ដែលពាក់ព័ន្ធករណីទទួលផលចោរកម្ម។
បើតាមអាវុធហត្ថខេត្តសៀមរាប ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿងនិងបានប្រគល់ម៉ូតូ០១គ្រឿង ជូនម្ចាស់វិញ។
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួនឱ្យបានល្អ ដដើម្បីបង្ការកុំឱ្យជនឆ្លៀតឱកាសលួចយកបាន៕SRP