អាជ្ញាធរខេត្តសៀមរាប អះអាងថា ថាប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គិសនីសៀមរាប ផ្ដល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដល់ប្រជាពលរដ្ឋ និងជួយជំរុញឱ្យទីក្រុងក្លាយជាទីក្រុងបៃតងសំដៅទាក់ទាញវិនិយោគិននិងទេសចរ
លោក លី សារី អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គិសនី ផ្ដល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់ប្រជាពលរដ្ឋ និងជួយជំរុញឱ្យទីក្រុងក្លាយជាទីក្រុងបៃតង សំដៅទាក់ទាញវិនិយោគិន និងទេសចរ។
អភិបាលរងខេត្តសៀមរាប បានបន្តថា កាបើកឲ្យដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គុសនីខេត្តសៀមរាប គឺជួយកាត់បន្ថយខ្យល់ពុល និងសំឡេងរំខាន ជួយកាត់បន្ថយជំងឺផ្លូវដង្ហើម និងភាពតានតឹងអារម្មណ៍ របស់ប្រជាជន និងជួយសន្សំសំចៃ ចំណាយធ្វើដំណើរដោយការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ មានតម្លៃធូរថ្លៃជាងការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន។
លោកលី សារី បន្ថែមថា ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គិសនី តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងខេត្តសៀមរាប គឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយទីក្រុងប្រវត្តិសាស្ត្រនេះ ឱ្យទៅជា “ទីក្រុងឆ្លាតវៃ និងបៃតង” ហើយនៅពេលដែលប្រព័ន្ធឡានក្រុងមានភាពងាយស្រួល ទៀងទាត់ និងមានផាសុកភាព វានឹងជំរុញឱ្យប្រជាពលរដ្ឋ និងទេសចរកាត់បន្ថយការប្រើប្រាស់ម៉ូតូ ឬឡានផ្ទាល់ខ្លួន ដែលជួយកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។
អភិបាលរងខេត្តសៀមរាបបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងការរៀបចំ និង អនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងអគ្គុសនីខេត្តសៀមរាប តាមយន្តការភាពជាដៃគូរ រវាងរដ្ឋនិងឯកជន តាមរយៈប្រព័ន្ធវីដេអូហ្សូម ជាមួយក្រុមការងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងក្រុម ការងារ ពាក់ព័ន្ធជាច្រើន នាថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈ ក្រុងបានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ ខ្សែ និងស្ថានីយរងចាំចំនួនប្រមាណ ៣៣ ទីតាំង ដែលមាននៅលើខ្សែផ្លូវចំនួន ៣ ខ្សែ ដែលបានសិក្សារួចរាល់ដូចខាងក្រោមគឺ៖- ខ្សែរត់ទី១ ផ្លូវជាតិលេខ៦ ទាំងទៅនឹងមក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្តេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ) ស្រុកប្រាសាទបាគង – ខ្សែរត់ទី២ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រិមប្រិយ និងខ្សែរត់ទី៣ ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីស្តុបចុងកៅស៊ូ រត់តាមបណ្តោយវិថីឈ្នះឈ្នះ (ផ្លូវ ក្រវ៉ាត់ក្រុង) រហូតដល់ស្តុបឈ្នះឈ្នះ និងបន្តតាមវិថីសម្តេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្តុបគន្ធបុប្ផាមកតាមបណ្តោយវិថីសម្តេច វិបុលបញ្ញា សុខ អាន រហូតដល់រង្វង់មូលព្រៃគុយ បន្តឆ្ពោះទៅរង្វង់មូលផ្ការំដួល (ស្វាយធំ) និងបន្តតាមផ្លូវជាតិលេខ៦ រហូតដល់ស្តុបចុងកៅស៊ូវិញ៕SRP