ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ
អាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បាននិងកំពុងបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើលទ្ធផលនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥ ដែលបង្ហាញពីកំណើនវិជ្ជមាន និងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ថ្លែងបែបនេះ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបថ្នាក់ខេត្តឆ្នាំ២០២៥ សម្រាប់ខេត្តកំពង់ចាម នៅមន្ទីរផែនការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ,រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP)៖ ខេត្តកំពង់ចាមសម្រេចបានទំហំទឹកប្រាក់រហូតដល់ ៣,០៧៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ (GDP per Capita)៖ ប្រជាពលរដ្ឋម្នាក់ៗទទួលបានប្រាក់ចំណូលមធ្យមចំនួន ២,៨៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការរៀបចំ GDP ខេត្តនេះ ត្រូវបានអនុវត្តតាមវិធីសាស្ត្រ និងស្តង់ដារថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមផ្តល់ទិន្នន័យពីមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងវិស័យឯកជន លើវិស័យសំខាន់ៗចំនួន ៣ ៖ ១. វិស័យកសិកម្ម រួមមាន ៖ ដំណាំ, ចិញ្ចឹមសត្វ, ផលផលិតនេសាទ និងរុក្ខកម្ពុ។ ២. វិស័យឧស្សាហកម្ម រួមមាន៖ រ៉ែ, កម្មន្តសាល, អគ្គិសនី, ទឹកស្អាត និងសំណង់។ ៣. វិស័យសេវាកម្ម រួមមាន៖ លក់ដុំ-លក់រាយ, ដឹកជញ្ជូន និងឃ្លាំងស្តុក, សណ្ឋាគារ និងភោជនីយដ្ឋាន, ហិរញ្ញវត្ថុ និងធាន៉ារ៉ាប់រង, ព័ត៌មាន និងទូរគមនាគមន៍, អចលនទ្រព្យ, ជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវវិទ្យាសាស្ត្រ, រដ្ឋបាលសាធារណៈ, អប់រំ, សុខាភិបាល និងសេវាកម្មផ្សេងៗ៕SRP