បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យ ចាប់តាំងពីឆ្នាំ ២០២៣ ក្រុមហ៊ុនស៊ីនទ្រី ចុះកិច្ចសន្យាជាផ្លូវការ ស្តីពីការគ្រប់គ្រងសំរាម ជាមួយរដ្ឋបាលក្រុងកំពង់ចាម
រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីទ្រី (CINTRI) នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីចុះកិច្ចសន្យាជាផ្លូវការ ស្តីពីការគ្រប់គ្រងសំរាម រវាងរដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុនស៊ីនទ្រី បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យ ចាប់តាំងពីឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន តាមអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម របស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអភិបាលក្រុងកំពង់ចាម តំណាងក្រុមហ៊ុន ស៊ីទ្រី លោក-លោកស្រី អភិបាលរងក្រុង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ទាំង៤ និងមន្ត្រីជំនាញផងដែរ។
ផ្អែកតាមកិច្ចសន្យា ក្រុមហ៊ុន ស៊ីទ្រី បានប្តេជ្ញាចិត្តបង្កើនមធ្យោបាយដឹកជញ្ជូន បំពាក់ឧបករណ៍សម្ភារទំនើបបន្ថែម និងបន្ថែមប្រជាកម្លាំង ដើម្បីប្រមូលសំរាមឱ្យអស់ពីតាមដងផ្លូវ និងទីប្រជុំជនបានទាន់ពេលវេលា។ រៀបចំកាលវិភាគ និងរថយន្តប្រមូលសំរាមតាមបណ្តាសង្កាត់ និងផ្លូវនីមួយៗឱ្យបានទៀងទាត់ ជៀសវាងការទុកសំរាមចោលយូរដែលបណ្តាលឱ្យធំក្លិន និងបាត់បង់សោភ័ណភាព។ បង្កើតក្រុមការងាររហ័ស ដើម្បីកែសម្រួល និងដោះស្រាយរាល់ការអាក់ខាន ឬបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋអំពីបញ្ហាសំរាមឱ្យបានឆាប់រហ័ស។
ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរក្រុងកំពង់ចាម ខិតខំរកដៃគូសម្រាប់ការវិនិយោគសំរាម កុំឲ្យគេទុកចោលឥតប្រយោជន៍ ដើម្បីជាជ្រុងមួយនៃ ចំណូលសេដ្ឋកិច្ចរបស់ក្រុងផងដែរ។
អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ការបន្តកិច្ចសន្យានាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង។ ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុន ស៊ីទ្រី ត្រូវតែអនុវត្តតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាឱ្យបានម៉ឺងម៉ាត់ និងមានទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រមូលសំរាមឱ្យអស់ និងទាន់ពេលវេលា ដើម្បីធានាថា ក្រុងកំពង់ចាម មានបរិស្ថានស្អាត គ្មានសំរាមកកស្ទះ និងសមស្របជាក្រុងទេសចរណ៍គំរូ ដែលទទួលបានជ័យលាភី “ទីក្រុងស្អាត រំដួលបីទង” ច្រើនអាណ្តិជាប់គ្នា៕SRP