ក្រុមមន្ត្រីចុះទប់ស្កាត់ សំណង់គ្មានខ្សែ នៅខាងមុខប្រាសទអង្គរវត្ត ប្រហែល១៥០០ ម៉ែត្រ
ខេត្តសៀមរាប៖ទីតាំងសំណង់គ្មានច្បាប់គ្មានខ្សែមួយកន្លែងត្រូវបានក្រុមមន្ត្រីចុះទប់ស្កាត់មិនឱ្យមានការសាងសង់ ខណៈសំណង់មួយកន្លែងទៀតត្រូវបានមន្ត្រីបណ្ដែតបណ្ដោយឲ្យគេសាងសង់រួចរាល់ជាស្ថាពរ។
ក្រុមការងាររបស់អាជ្ញាធរជាតិអប្សារាសហការនិងមន្ត្រីអាជ្ញាធរ ភូមិ ខ្វៀន មន្ត្រីសង្កាត់គោកចកនិងមន្ត្រីសាលាក្រុងសៀមរាប នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចុះមកពិនិត្យការដ្ឋានសាងសង់គ្មានច្បាប់ មួយកន្លែងនៅក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
លោកស្រី ណែត ជាមន្ត្រីសាលាក្រុងបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កន្លែងសាងសង់អត់ច្បាប់នេះ កម្លាំងក្រុង សង្កាត់ ភូមិ និងកម្លាំងមន្ត្រីអាជ្ញាធរជាតិអប្សារា បានចុះបិតមិនឲ្យសាងសង់បន្តចំនួនបីលើកមកហើយ ដោយឲ្យរង់ចាំសេចក្តីសម្រេចថ្នាក់លើ។ ក៏ប៉ុន្តែបុគ្កល ឈ្មោះ មឿន គង់ នៅតែបំពានលើកិច្ចសន្យា និងនៅតែបន្តដឹកសម្ភារៈសំណង់ចូលនិងដាក់ក្រុមជាងធ្វើធម្មតាដោយពុំកោតក្រែងច្បាប់សូម្បីបន្តិច។
ពលរដ្ឋក្នុងតំបន់នេះលើកឡេឺងថា ពួកគាត់រស់នៅក្នុងតំបន់នេះ គឺមិនអាចសាងសង់អ្វីបាននោះទេ ក្រៅពីសំណង់ដែលមានស្រាប់ ចុះហេតុអ្វីបានជាលោក មឿន គង់ ដាក់សម្ភារៈសាងសង់របងថ្មនិងផ្ទះ បានបែបនេះ (សំណង់ថ្មី)។ ទីតាំងសំណង់នេះនៅចំពីមុខប្រាសាទអង្គរវត្តប្រហែល ១៥០០ម៉ែត្រ.ជាតំបន់ឧទ្យានជាតិអង្គរ។
សូមជម្រាបផងដែរថា ទីតាំងសំណង់មួយកន្លែងទៀតស្ថិតនៅជាប់បឹងបុប្ផាភូមិត្រពាំងសេះ សង្កាត់គោកច ក្រុងសៀមរាប ត្រូវបានសាងសង់រួចរាល់ជាស្ថាពរមិនត្រូវបានក្រុមតន្ត្រីចុះទៅវាយកម្ទេចចោលនោះទេរហូតដល់ថ្ងៃនេះ បើទោះបីមានការផ្សព្វផ្សាយពីបណ្ដារព័ត៌មានជាបន្តបន្ទាប់យ៉ាងណាក៏ដោយ៕SRP