ប្រធានមណ្ឌលសុខភាព អន្លង់សំណរ បដិសេធថាមិនបាន ចាក់ដីកំពង់ទឹកបុរាណធ្វើអាជីវកម្មឯកជនរបស់ខ្លួននោះទេ
ខេត្តសៀមរាប៖មានការលើកឡើងថាដីកំពង់ទឹកបុរាយមួយកន្លែងជាកំពង់ទឹកដែលប្រជាពលរដ្ឋធ្លាប់ដឹកកសិផល និងសម្រាប់អ្នកជំងឺមកព្យាបាលជម្ងឺនៅមណ្ឌលសុខភាព មធ្យោបាយធ្វើដំណើរដោយកាណូតត្រូវបាន ប្រធានមណ្ឌលសុខភាពចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ករណីនេះ លោកស្រី អេង ពៅ ប្រធានមណ្ឌលសុខភាពអន្លង់សំណរ បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ដោយធ្វើការបដិសេធថាលោកស្រីមិនបានចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ។
លោកស្រីប្រធានមណ្ឌលសុខភាពអន្លង់សំណរបានបញ្ជាក់ដូច្នេះថា ខ្ញុំចាក់ដីកំពង់ទឹកហ្នឹងខ្ញុំធ្វើជណ្ដើរឲ្យប្រជាជនដែលសម្រាលកូនហ្នឹងឱ្យមានកន្លែងឡើងមកត្រឹមត្រូវ។ ធ្វើជណ្ដើរឡើងហ្នឹងក៏បានសួរមេឃុំដែរ ទៅ! អ្នកដែលធ្វើផ្ទះបៀតហ្នឹងវាមិនឱ្យយើងធ្វើទេ វាចង់ធ្វើផ្ទះទាំងអស់នៅដីហ្នឹងលោកពូ ខ្ញុំមុននឹងធ្វើមិនមែនចេះតែធ្វើទេបានសួរឃុំដែរ មិនមែនចេះតែធ្វើទេ ព្រោះអ្វីពួកគាត់ឡើងមកពីទន្លេមកមិនមានកំពង់សម្រាប់ឡើងទេ។ ដូច្នេះខ្ញុំចាក់ទៅដើម្បីធ្វើជណ្ដើរឲ្យអ្នកស្រុកឡើងមកសម្រាលកូនស្រួលប៉ុណ្ណោះ។
សូមជម្រាបថាដីចំណុចខាងលើនៅដងស្ទឹងជីក្រែង ទល់មុខមណ្ឌលសុខភាពអន្លង់សំណរ ស្ថិតក្នុងភូមិអន្លង់ សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង បានគេរិះគន់ថា លោកស្រី អេង ពៅ រស់នៅភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង មានតួនាទី ជាប្រធានមណ្ឌលសុខភាពអន្លង់សំណររចាក់លុប និងចាក់ក្រវាត់គ្រឹះដីកំពង់ទឹកបុរាណនេះគឺមានគោលបំណងទុកជួលឲ្យអ្នកធ្វើអាជីវកម្មលក់ដូរ ព្រោះកន្លែងនេះមានភូមិសាស្ត្រល្អ មានមនុស្សច្រើនកុះករ៖
១ / ទល់មុខមណ្ឌលសុខភាព
២ / ទលមុខជាប់របង អនុវិទ្យាល័យ និងវិទ្យាល័យសាមគ្គី អន្លង់សំណរ។
លោកជន តូ មេភូមិអន្លង់សំណរថា លោកមិនបានដឹងរឿងនេះទេ ព្រោះការចាក់ដីលុបនិងចាក់គ្រឹះ រំលោភយកដីកំពង់ទឹកបុរាណនេះគ្មានអ្នកណាម្នាក់បានប្រាប់លោកនោះទេ កាលវាស់ចុចប្លង់ចុះបញ្ជីក្បាលដីលោកបានចូលរួមដែរ ទីតាំងចំណុចនេះត្រូវបានគណៈកម្មការវិនិច្ឆ័យចុះបញ្ជីក្បាលដីទុកជាសម្បត្តិរដ្ឋ ព្រោះវាគឺជាកំពង់ទឹកដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋមកព្យាបាលជម្ងឺមធ្យោបាយធ្វើដំណើរដោយកាណូត ជាពិសេសបងប្អូនរស់នៅបឹងទន្លេសាប។
ដោយឡែក មេឃុំអន្លង់សំណរ លោកកង សុីជឿន បកស្រាយប្រាប់អ្នកសារព័ត៌មានថា គ្រូពេទ្យ អេង ពៅ បានជម្រាបប្រាប់លោកកាលពីមានមានទំនាស់ជាមួយម្ចាស់ព្រំដីថា មណ្ឌលសុខភាពចាក់ដីធ្វើជាជណ្តើរដើម្បីបង្កការងាយស្រួលដល់អ្នកជម្ងឺដែលមកព្យាបាលធ្វើដំណើរដោយកាណូត៕SRP

