អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំករណីសំណើសុំស្ដារអូរចិញ្ចៀន
លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីករណីសំណើសុំស្តារអូរចិញ្ចៀន ប្រវែង ៥គីឡូម៉ែត្រ ទទឹង ១៥ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ស្ថិតក្នុងភូមិតាភោគ និងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមរយៈសំណើរបស់មេភូមិតាភោគ និងភូមិគោកត្រាច បានបញ្ជាក់ថា មូលហេតុនៃការសុំស្ដារនេះ ដោយសារស្ថានភាពអូរចិញ្ចៀនបច្ចុប្បន្ននេះ មានសភាពគោករាក់ និងរួមតូចដោយកត្តាធម្មជាតិ ដែលធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង ប្រជាពលរដ្ឋក្នុងភូមិទាំង២ មានភូមិតាភោគ និងភូមិគោកត្រាច បានសំណូមសុំឱ្យមានការស្តារអូរចិញ្ចៀននេះឡើងវិញ។ ប្រយោជន៍សំខាន់នៃការស្ដារនេះ គឺរក្សាទឹកទុកសម្រាប់ប្រើប្រាស់ សម្រាប់ស្រោចស្រពស្រូវវស្សានិងដំណាំរួមផ្សំនានា ការរំដោះទឹកជំនន់ និងទប់ស្កាត់ការរំលោភយកដីចំណីអូរធ្វើជាកម្មសិទ្ធឯកជន។ ការស្តារអូរចិញ្ចៀននេះ មានភូមិសាស្ត្រនៅឃុំបាគង ដែលមានគ្រួសារទទួលផលសរុប ៣៩០គ្រួសារ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់អ្នកទទួលខុសត្រូវគម្រោង ត្រូវសហការជាមួយមន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ចុះសិក្សាលក្ខណបច្ចេកទេសឡើងវិញជាមុនសិន ដើម្បីមានមូលដ្ឋានលើការស្ដារ និងការរៀបចំប្លង់បច្ចេកទេសនៃការជួសជុល ឬការសាងសង់សំណង់សិល្បការ្យ ឱ្យបានច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្របតាមនីតិវិធី គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ជាពិសេសត្រូវបញ្ចៀសបាននូវផលប៉ះពាល់បរិស្ថាន និងផ្ទៃអូរធម្មជាតិ និងធ្វើរបាយការណ៍លាយលក្ខណ៍អក្សរ លើកមតិយោបល់មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្ត មានមូលដ្ឋានពិនិត្យ និងសម្រេច៕SRP
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

