មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ នៃស្រុកជ័យសែន
ខេត្តព្រះវិហារ៖មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៦ ចុះល្បាត បង្ក្រាប និងស្រាវជ្រាវទប់ស្កាត់ករណីបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ ចំណុចស្រែក្រោម ភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។
ចំណែកក្រុមអ្នកអាឈើ បានរត់គេចខ្លួន ដោយបន្សល់ទុក ម៉ាស៊ីនអារឈើ២គ្រឿង និងម៉ូតូ១គ្រឿង ព្រមទាំងកំណត់មុខសញ្ញាម្ចាស់ឈើដើម្បីចំណាត់ការតាមច្បាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា ដោយបានដឹងថា មានឈ្មោះយេង ជាមេក្លោង នៅស្រែវាល និងឈ្មោះមួយចំនួនទៀត បានដាក់ម៉ាស៊ីនអាឈើ ក្នុងតំបន់ខាងលើ ដើម្បីឲ្យកម្មករអារឈើយ៉ាងគគ្លើនក្នុងតំបន់ព្រៃឡង់។
រួចមានឈ្មួញជាច្រើននាក់ទៀត ចូលទៅទិញឈើ ហើយដឹកជញ្ជូនឈើចេញពីតំបន់ខាងលើ យកទៅចែកនៅតាមដេប៉ូឈើនៅកំពង់ធំ និងនៅភ្នំពេញ រួមនិងខេត្តសៀមរាប។
លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ពី ពលរដ្ឋ លោកបានចាត់ឲ្យកម្លាំងជំនាញ ដកហូតវត្ថុតាងយកមករក្សាទុកនៅមន្ទីរបរិស្ថានមានដូចជា៖ រណាយន្ត ០២គ្រឿង និងម៉ូតូ១គ្រឿង។
ចំណែកជនសង្ស័យដែលជាប់ពាក់ព័ន្ធ នឹងត្រូវស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។
ចំពោះឈើដែលអាររួចនៅក្នុងព្រៃឡង់ ដែលមាន ទីតាំងUTM ខាលើ លោកបានចាត់ឲ្យក្រុមការងារចុះត្រួតពិនិត្យដើម្បីមានវិធានការផងដែរ។
សូមជម្រាបផងដែរ ករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ បានផ្ទុះឡើងគួរឱ្យព្រួយបារម្ភ។ ដូច្នេះហើយទើបមហាជន ស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធមេត្តាចុះទប់ស្កាត់និងបង្ក្រាបការអាឈើ នៅតំបន់ខាងលើឲ្យបានទាន់ពេល ខណៈមានក្រុមឈ្មួញជាច្រើនទៀតកំពុងដាក់ម៉ាស៊ីនអារឈើនៅតំបន់ខាងលើយ៉ាងគគ្រឹកគគ្រេង អារយកឈើទៅលក់ រួចឈូសព្រៃធ្វើចំការស្វាយចន្ទីរ និងដំឡូងមីជាដើម៕SRP

