លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍
ខេត្តសៀមរាប៖លោក Pey Pey Dy ដែលជាអ្នកបើករថយន្តស្រ៊ីទំនើបបុកម៉ូតូជាច្រើនគ្រឿងនៅក្រុងសៀមរាបបានបង្ហោះសារដោយបង្ហាញថា គ្រោះថ្នាក់ល្ងាចមិញ គឺដោយសារឈប់ស្តុប ហើយខ្ញុំច្រលំជាន់ហ្គាស បណ្តាលអោយបុកម៉ូតូ4 នៅខេត្តសៀមរាប
វាជាកំហុសអចេតនារបស់ខ្ញុំ ហើយបងប្អូននៅកន្លែងនោះក៏បានឃើញដែរថា ទ្វារឡានគៀបនឹងម៉ូតូបើកមិនចេញ បងៗដែលជាម្ចាស់ម៉ូតូក៏បានប្រាប់ដែរថា មិនអីទេ ចុះអត់កើតទេ ដោះស្រាយគ្នាតាមជាក់ស្តែងក៏បាន
ហើយក៏មានប៉ូលីសមកអន្តរាគមន៍ភ្លាមៗ ដោយមិនមានអ្នកបាក់ដៃជើងដូចពត៌មានចុះផ្សាយទេ គឺមានតែបងប្រុសម្នាក់រលាត់ជើង ហើយគាត់ក៏បានទៅscan និងអេកូរួចរាល់ដែរ ថាមិនមានបញ្ហាអីទេ ពួកយើងបានសម្រួលគ្នា ខ្ញុំក៏បានសងការខូចខាត ដោយមានប៉ូលីសដឹងលឺ និងការយល់យោគពីសាមុីខ្លួនផ្ទាល់
សូមទានជ្រាប។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿង និងម៉ូតូចំនួន ៤ គ្រឿង នៅចំណុចខាងកើតស្តុបចុងកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
រថយន្តដែលបានបុកម៉ូតូម៉ាក Lexus LX600 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា D.CORNER ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់លោក Pey Pey Dy ម្ចាស់អាជីវកម្ម Cafe Corner។
ចំណែកម៉ូតូចំនួន ៤ គ្រឿងដែលរងការប៉ះទង្គិច រួមមាន៖ ម៉ាក Scoopy ពាក់ស្លាកលេខ សៀមរាប 1AT-5367
ម៉ាក Dream ពាក់ស្លាកលេខ សៀមរាប 1Q-4513
ម៉ាក Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1IZ-4941
ម៉ាក Dream ពាក់ស្លាកលេខ បាត់ដំបង 1T-4722។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានដោះស្រាយរួចហើយ ក្រោយម្ចាស់ឡាន Peypey Dy បានសងលុយទៅឲ្យម្ចាស់ម៉ូតូដែលរងគ្រោះទាំង៤នាក់ រួចហើយ ខ្លះទទួលបាន៥០ដុល្លារ ខ្លះ១០០ដុល្លារ និងខ្លះ២០០ដុល្លារ។
សមត្ថកិច្ចក៏បានណែនាំគាត់ឲ្យបើកប្រុងប្រយ័ត្ន។ ក្រោយសម្របសម្រួលបញ្ចប់រឿង សមត្ថកិច្ចបានអនុញ្ញាតឲ្យពួកគេបន្តធ្វើដំណើររៀងៗខ្លួន៕SRP

