សម្ដេចតេជោហ៊ុន សែន ថ្លែងដោយក្តីមោទនភាព ចំពោះការវិវឌ្ឍនៃការប្រមូលពន្ធរបស់កម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដោយក្តីមោទនភាព ចំពោះការវិវឌ្ឍនៃការប្រមូលពន្ធរបស់កម្ពុជា។ សម្ដេចបន្តថា ពីដើមការបើកប្រាក់ខែជូនមន្ត្រីរាជការកម្ពុជា គឺពិតវេទនាណាស់វេទនាត្រង់ថា ប្រាក់ខែតិចហើយ អត់មានលុយបើកឱ្យមន្ត្រីរាជការទៀត ប៉ុន្តែបច្ចុប្បន្ននេះមន្ត្រីរាជការក្នុងមួយខែបានបើកប្រាក់រហូតទៅដល់២ដង និងការអនុវត្តបើប្រាក់ខែតាមប្រព័ន្ធធនាគារទៀត ដែលមានភាពងាយស្រួលជាងពីមុនឆ្ងាយណាស់។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ប្រសិនបើមិនធ្វើកំណែទម្រង់ជាបន្តបន្ទាប់ទេ នោះ ប្រហែលជាវិស័យពន្ធដារយើងមិនមានការវិវឌ្ឍដូចសព្វថ្ងៃនេះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសយក ទីតាំងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង(ហ្វ្រង់កូហ្វូនី) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ដែលប្រជុំនោះនឹងមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា ពីបណ្ដាប្រទេសផ្សេងៗប្រមាណ៤០ប្រទេសដែលចូលរួម។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការសាងសង់អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្របទៅតាមភាពរីកចម្រើនរបស់ប្រទេសជាតិ និងកត្តាសុខសន្តិភាព។ សម្ដេចក៏បានកោតសរសើរផងដែរចំពោះ ចំពោះអគ្គនាយកដ្ឋានពន្ធដារដែលសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនៅពេលនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦៕SRP

