អភិបាលខេត្តបាត់ដំបង រំលឹកដល់អ្នកនាំពាក្យអង្គភាពនានាត្រូវស្ដាប់ព័ត៌មានឲ្យច្បាស់និងឆ្លើយតបឲ្យលឿន
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានក្រើនរំឭកដល់ថ្នាក់ដឹកនាំ ជាពិសេសអ្នកនាំពាក្យនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពកងកម្លាំងត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័សដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។
ឯកឧត្តម សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គមគ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបាន និងមានចរិតនយោបាយនិយមជ្រុល ឬព័ត៌មានដែលមានប្រភពពីMMO មួយចំនួនដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយបង្កចលាចលទាញយកប្រយោជន៍ផ្ទាល់ខ្លួននោះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមជាតិដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត។
ឯកឧត្តមអភិបាលខេត្ត បានបន្តដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់មិនឱ្យមានការនាំចូលទំនិញរបស់ថៃ និងបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង៕SRP

