អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យបណ្ដាវត្តទាំងអស់គួរពង្រឹងធម៌វិន័យ និងរៀបចំវត្តអារាមឱ្យក្លាយជាទីជម្រកនៃសេចក្ដីសុខសម្រាប់មនុស្ស និងសត្វ
អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា គ្រប់វត្តអារាមទាំងអស់គួរតែត្រូវបានរៀបចំ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាទីជម្រកដ៏សុខសាន្តសម្រាប់ទាំងមនុស្ស និងសត្វ ដោយឈរលើគោលការណ៍ព្រហ្មវិហារធម៌ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។
ក្នុងកិច្ចប្រជុំបង្កើតគណៈកម្មការដោះស្រាយកិច្ចការសាសនា ដើម្បីពង្រឹងធម៌វិន័យចំពោះព្រះសង្ឃដែលគង់នៅទូទាំងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន សហការគ្នាយ៉ាងជិតស្និតជាមួយព្រះមន្រ្តីសង្ឃខេត្ត ស្រុក ព្រះចៅអធិការវត្ត ដោះស្រាយការមានទំនាស់ការច្រណែនផលប៉ះពាល់ដល់ប្រយោជន៍រួម និងជះឥទ្ធិពលមិនល្អដល់វិស័យព្រះពុទ្ធសាសនារបស់យើងដោយឈរលើស្មារតីព្រះវិន័យ និងច្បាប់រដ្ឋ។
លោក លី សារី បានបញ្ជាក់ថា គណៈកម្មការដោះស្រាយកិច្ចការសាសនាក្នុងខេត្ត គឺជាយន្តការផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើការសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ដើម្បីត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយរាល់វិវាទ ឬបញ្ហានានាដែលកើតឡើងនៅក្នុងវិស័យសាសនា។ ហើយសម្រាប់កិច្ចប្រជុំដោះស្រាយវិវាទក្នុងវត្តអារាម គឺដើម្បីធ្វើការសម្របសម្រួលជម្លោះរវាងព្រះសង្ឃ និងព្រះសង្ឃ, ជម្លោះរវាងគ្រហស្ថ ជាមួយព្រះសង្ឃ ឬបញ្ហាគ្រប់គ្រងបច្ច័យ និងដីធ្លីវត្ត ព្រមទាំងពិនិត្យសកម្មភាពផ្សព្វផ្សាយសាសនាផ្សេងៗ ដើម្បីធានាថាអនុវត្តទៅតាមច្បាប់ និងមិនមានការបង្កការរើសអើង ឬប៉ះពាល់ដល់សន្តិសុខសង្គម។
ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានថេរដីកាថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការជួយការងារផ្សេងៗជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិមាតុភូមិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសង្គមជាច្រើន ដូចជា បានជួយកសាងផ្លូវថ្នល់ ស្ពាន់ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងារសង្គមកិច្ច មានដូចជា ការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ព្រះធម្មសិរី ជុំ គឹមឡេង បានស្នើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម តាមដានការប្រើប្រាស់បណ្ដាញសង្គមរបស់ព្រះសង្ឃក្នុងខេត្ត គួរតែប្រើសម្រាប់ជាមធ្យោបាយអប់រំ មានសតិជាប្រចាំ ថាអ្វីគួរបង្ហោះ អ្វីមិនគួរបង្ហោះបង្ហាញ ជាពិសេសរឿងទំនាស់តិចតូចមិនគួរបង្ហោះហែកបង្ហាញនោះទេ។ ជាពិសេស ត្រូវជួយណែនាំភិក្ខុ សាមណេរក្រោមឱវាទ ពាក់ព័ន្ធការប្រើប្រាស់ បណ្ដាញសង្គមក្នុងគោលបំណងអប់រំតែម្យ៉ាង ដូចជាលើទឹកចិត្តមនុស្សឱ្យស្រឡាញ់ការអប់រំ និងបរិស្ថានជាដើម។ ជាធម្មតាអធិករណ៍ ឬទំនាស់ជាផ្នែកមួយនៃជីវិតមិនអាចជៀសផុត សំខាន់គឺត្រូវដោះស្រាយតាមព្រះវិន័យ តាមអធិករណ៍សមថៈ តាមបែបអហិង្សាដែលជាមាគ៌ាពុទ្ធសាសនា៕SRP
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

