រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទជូនប្រជាពលរដ្ឋ
ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ហែន ពុទ្ធី អភិបាលរងខេត្ត នៅថ្ងៃទី 19 ខែឧសភាឆ្នាំ 2026 បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការៀបចំដែនដី និងនគររូបនីយកម្មថ្នាក់ជាតិ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ៥ខែ នៃឆ្នាំ២០២៦ និងផែនការសកម្មភាពសម្រាប់ដំណាច់ឆ្នាំ២០២៦ និងលើកឡើងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិ និងការដោះស្រាយវិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យការចុះបញ្ជីស្របតាមនីតិវិធីច្បាប់ជាធរមាន។
លោក ហែន ពុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺជាការពីនិត្យលើនីតិវិធីពន្លឿនការអនុវត្តការវាស់វែង និងការចុះបញ្ជីដីធ្លីលើប្រភេទដីសំខាន់ៗមួយចំនួន រួមមាន៖ ដីគម្របព្រៃឈើឆ្នាំ២០០២ ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដីតំបន់ការពារ និងដីរដ្ឋដែលស្ថិតក្រោមសមត្ថកិច្ចកាន់កាប់ និងដីស្ថិតក្នុងបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល និងដីស្ថិតក្នុងតំបន់ស្វ័យប្រកាស។ ជារួមកិច្ចប្រជុំ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយវិវាទ និងលើកកម្ពស់សុវត្ថិភាពគតិយុត្តនៃការកាន់កាប់ដីធ្លី។
លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់លើការពិនិត្យផែនការប្រើប្រាស់ដីធ្លីឃុំសង្កាត់ ផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាប និងទីប្រជុំជន។ ដោយឡែក ផែនការប្រើប្រាស់ដីនៅក្នុងភូមិចំនួន ១១៤ ដែលស្ថិតក្នុងតំបន់បេតិកភណ្ឌអង្គរ ក៏ត្រូវបានលើកយកមកពិភាក្សាដោយយកចិត្តទុកដាក់ខ្ពស់ រួមផ្សំជាមួយនឹងការងារសុរិយោដី និងការងារសំណង់ក្នុងខេត្តផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងថា គិតមកទល់ពេលនេះ ចំនួនក្បាលដីសរុបដែលត្រូវបានចុះបញ្ជី និងវាស់វែងរួចរាល់មានចំនួន ៩៩១ ៧១០ក្បាលដី។ ក្នុងនោះ ក្បាលដីដែលបានចេញបណ្ណកម្មសិទ្ធិរួចរាល់មានចំនួន ១៩៤ ៩៦៥បណ្ណ ដោយបានចែកជូនប្រជាពលរដ្ឋផ្ទាល់ចំនួន ១៧៦ ៣៨៦បណ្ណ ខណៈក្បាលដីដែលមិនទាន់បានចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋមានចំនួន ៨១៥ ៣២៤ក្បាលដី។
ចំពោះក្បាលដីដែលបានចុះបញ្ជី វាស់វែង និងចេញបណ្ណខាងលើ គឺមិនទាន់រាប់បញ្ចូលក្បាលដីមិនទាន់មានអ្នកមកចូលរួមវាស់វែង ក្បាលដីមានទំនាស់មិនទាន់បានសម្របសម្រួលបញ្ចប់ ក្បាលដីរដ្ឋជាន់សមត្ថកិច្ចកាន់កាប់ ដីស្ថិតក្នុងបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល ដីស្ថិតក្នុងតំបន់ស្វ័យប្រកាសជាអាទិ៍ ដែលជាបញ្ហាប្រឈមនៃការចុះបញ្ជីដីធ្លី ដោយហេតុថា ក្បាលដីមួយចំនួនត្រូវការដោះស្រាយបញ្ចប់វិវាទ និងក្បាលដីមួយចំនួនទៀតត្រូវមានគោលការណ៍ណែនាំ និង ឯកភាពពីក្រសួងស្ថាប័ន និងប្រមុខរាជរដ្ឋាភិបាលជាមុនសិន។
ក្នុងឱកាសនោះដែរ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី គឺធានានូវភាពច្បាស់លាស់ សុចរិតភាព ងាយស្រួលក្នុងការផ្ទេរសិទ្ធិ និងការប្រើប្រាស់ដីស្របច្បាប់ មានតម្លាភាព ដែលជាមូលដ្ឋាននៃសិទ្ធិកម្មសិទ្ធិលើដី ជួយការពារសិទ្ធិរបស់ប្រជាពលរដ្ឋ បង្កើនតម្លាភាព និងកាត់បន្ថយវិវាទ ដើម្បីធានាថាដីធ្លីនីមួយៗមានម្ចាស់ត្រឹមត្រូវ ធ្វើឱ្យរដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋ និងដីឯកជនងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លី និងអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព៕SRP
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

