អាជ្ញាធរខេត្តសៀមរាប ស្នើអាជ្ញាធរជាតិអប្សរាជួយស្តារប្រឡាយផ្លូវ៦០ម៉ែត្រ និងធារាស្ត្រតំបន់អង្គរ ដើម្បីឱ្យលំហូរទឹកភ្លៀងល្អប្រសើរ

អាជ្ញាធរខេត្តសៀមរាប ស្នើអាជ្ញាធរជាតិអប្សរាជួយស្តារប្រឡាយផ្លូវ៦០ម៉ែត្រ និងធារាស្ត្រតំបន់អង្គរ ដើម្បីឱ្យលំហូរទឹកភ្លៀងល្អប្រសើរ
0

អាជ្ញាធរខេត្តសៀមរាប ស្នើអាជ្ញាធរជាតិអប្សរាជួយស្តារប្រឡាយផ្លូវ៦០ម៉ែត្រ និងធារាស្ត្រតំបន់អង្គរ ដើម្បីឱ្យលំហូរទឹកភ្លៀងល្អប្រសើរ

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសូមស្នើអាជ្ញាធរជាតិអប្សរាជួយស្តារប្រឡាយផ្លូវ៦០ម៉ែត្រ និងធារាស្ត្រតំបន់អង្គរ ដើម្បីឱ្យលំហូរទឹកភ្លៀងល្អប្រសើរ ត្រូវរួមគ្នាក្នុងការឆ្លើយតបបញ្ហារំដោះទឹកជំនន់ទីប្រជុំជននេះឱ្យមានប្រសិទ្ធភាព និងធានាពុំមានការជន់លិចផ្លូវ ជាពិសេសផ្លូវជាតិលេខ៦ ដែលអាចរំខានដល់វិស័យទេសចរណ៍កម្ពុជា។

‎ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៥ កន្លងទៅ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងឃុំកណ្តែក ស្រុកប្រាសាទបាគង ដើម្បីបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់ជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុក្នុងឆ្នាំ២០២៦នេះ ដោយត្រូវចាត់វិធានការត្រួតពិនិត្យលើប្រព័ន្ធរំដោះទឹកសាធារណៈ រួមមាន លូ អូរ ប្រឡាយ ឱ្យមានប្រសិទ្ធភាព។

‎លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា កិច្ចប្រជុំនេះ
‎ដើម្បីពិនិត្យ និងពិភាក្សាពីទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងតំបន់ស្វាយធំ ស្រុកប្រាសាទបាគង និងសិក្សា លើកយោបល់ក្នុងការកាយរំដោះទឹកកុំឱ្យជន់លិចនារដូវវស្សាខាងមុខ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៦ លើកផែនការក្នុងការស្តារប្រព័ន្ធរំដោះទឹកឡើងវិញដែលបានរាំងស្ទះ ការចាក់ដីលុប និងគោករាក់ ជាអាទិ៍ លូសាធារណៈ ប្រឡាយជាដើម។

‎លោកអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលក្រុងសៀមរាប ត្រូវលើកផែនការសិក្សាលម្អិតតំបន់តែរាំងស្ទះមុខទឹករួមមាន តំបន់ផ្លូវត្រាំនាគ សង្កាត់ស្លក្រាម តំបន់ផ្សារដើមក្រឡាញ់ សង្កាត់គោកចក តំបន់ផ្លូវជាតិលេខ៦ (មុខវិទ្យាល័យសប្តេចឪ) សង្កាត់ស្រង៉ែ ផ្លូវទៅវត្តចក សង្កាត់ស្វាយដង្គំ ផ្លូវខ្នារ សង្កាត់ជ្រាវ និងតំបន់សង្កាត់សំបួរជាដើម។

រដ្ឋបាលស្រុកប្រាសាទបាគង ត្រូវសិក្សាផែនការសិក្សាលម្អិតតំបន់តែរាំងស្ទះមុខទឹកតំបន់ស្វាយធំ និងក្រោយបុរីទេសចរណ៍ បន្ទាប់ពីសិក្សារួច រដ្ឋបាលក្រុង ស្រុកទាំង២ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីសិក្សាពីតម្លៃនៃការចំណាយ និងបច្ចេកទេសនៃការភ្ជាប់ប្រព័ន្ធរំដោះទឹកទាំងនោះ រួចលើយោបល់មករដ្ឋបាលខេត្ត ដើម្បីរកលទ្ធភាពដោះស្រាយឱ្យបានមុនរដូវវស្សា៕SRP

‎‎អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ