តុលាការចេញដីកាចាប់ខ្លួន អតីតមន្ត្រីពន្ធដារម្នាក់ កំពុងរត់គេចខ្លួនក្រោយ ពីបទឆបោក ប្រាក់ជាង$៣ម៉ឺន
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអតីតមន្ត្រីពន្ធដារម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទ”ឆបោក” ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៧៧ និង៣៧៨នៃក្រមព្រហ្មទណ្ឌ។នេះបើយោងតាមដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួន ដែលបញ្ជូនមកកាន់”ដើមរាំង”។
ជនជាប់ចោទឈ្មោះ រស់ សុមេធ ភេទប្រុសអាយុ៥៤ឆ្នាំ (អតីតមន្ត្រីពន្ធដារ) មានស្រុកកំណើត នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ក្រៅឃុំ)។
ជនរងគ្រោះជាដើមបណ្ដឹងឈ្មោះ យូ គាវ ភេទស្រី ម្ចាស់ក្រុមហ៊ុន សាន់ហ្វីត (ខេមបូឌា)។
ក្រៅពីផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំតុលាការ ក៏បានបង្គាប់ឱ្យជនជាប់ចោទឈ្មោះ រស់ សុមេធ ត្រូវសងប្រាក់ចំនួន២៤.២០០ដុល្លារ និងសំណងជំងឺចិត្តចំនួន១០លានរៀលទៀត ដល់ដើមបណ្ដឹងងឈ្មោះ យូ គាវ. ហើយតុលាការ ក៏បានចេញដីកា បង្គាប់ឱ្យចាប់និងឃុំខ្លួនឈ្មោះ រស់ សុមេធ ស្របពេលដែលជនជាប់ចោទរូបនេះកំពុងរត់គេចខ្លួន។
ក្រុមគ្រួសាររងគ្រោះបានប្រាប់”ដើមរាំង”ថា ដើមចមដំបូងឈ្មោះ រស់ សុមេធ សំអាងខ្លួនជាមន្ត្រីពន្ធដារ បានមកធានារត់ការបង់ពន្ធឱ្យក្រុមហ៊ុនរបស់ខ្លួនដោយយកប្រាក់រាប់ម៉ឺនដុល្លារ លុះក្រោយមក ស្រាប់តែខាងពន្ធដារ ជូនដំណឹងថា ក្រុមហ៊ុន សាន់ហ្វីត (ខេមបូឌា) ពុំបានបង់ពន្ធអស់ជាច្រើនឆ្នាំ។
ក្រោយទទួលបានដំណឹងបែបនេះតំណាងក្រុមហ៊ុន ក៏មានការភ្ញាក់ផ្អើលនិងបានទំនាក់ទំនងទៅឈ្មោះ រស់ សុមេធ ដើម្បីសាកសួរប៉ុន្តែឈ្មោះនេះ បានលើកហេតុផលនិងពន្យារពេលរហូតពី១ខែទៅ១ខែ ដោយគ្មានការទទួលខុសត្រូវនោះឡើយ។
សរុបជារួមលុយក៏មិនសងមកវិញ ពន្ធក៏មិនបានបង់ដូចការគ្រោងទុកខណៈឈ្មោះ រស់ សុមេធ បានគេចវេះ។ ជាវិធីទាល់ច្រកលោកស្រី យូ គាវ ម្ចាស់ក្រុមហ៊ុន សាន់ហ្វីត (ខេមបូឌា) ក៏សម្រេចប្ដឹងឈ្មោះ រស់ សុមេធ ចាត់ការតាមច្បាប់តែម្ដង។
ក្នុងរឿងនេះក្រុមគ្រួសាររងគ្រោះសូមអំពាវនាវនឹងប្រកាសដល់បងប្អូនសាធារណៈជន ប្រសិនបើបានជួបឬប្រទះឃើញជនជាប់ចោទឈ្មោះ រស់ សុមេធ មេត្តាផ្ដល់ដំណឹងមកកាន់ទូរស័ព្ទ 0714956444 នោះក្រុមគ្រួសារជនរងគ្រោះនឹងជូនសគុណជាទីគាប់ចិត្ត៕SRP

