អាជ្ញាធរខេត្តសៀមរាប ប្រាប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា

អាជ្ញាធរខេត្តសៀមរាប ប្រាប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា
0

អាជ្ញាធរខេត្តសៀមរាប ប្រាប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា

ក្នុងនាមអាជ្ញាធរខេត្តសៀមរាបលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍លើកទឹកចិត្ត ឱ្យមន្ទីរអង្គភាពជំនាញទាំងអស់ ប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជក ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្ត អនុលោមតាមស្តង់ដាសេវាកម្មអាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាព និងកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនជាបន្តបន្ទាប់។ ជាពិសេសត្រូវបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិ-ភាពសង្គម ជូនដល់កម្មករ កម្មការិនី និងយុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូល-និធិពិសេសផ្សេងៗ។

លោកអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍បន្ថែមថាការជ្រើសរើសប្រធានបទ “ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នៃទិវាពលកម្មអន្តរជាតិ១ ឧសភា នៅឆ្នាំ២០២៦ នេះ បានបង្ហាញនិងឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍនទីផ្សារការងារ ឱ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ ស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ- មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “ការងារសមរម្យគឺជាការងារដែលប្រកបដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូន កម្មករនិយោជិត”។ បន្ថែមពីនោះ គឺបានចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់    រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដែលបណ្ដាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយបម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្តរជាតិផងដែរ។

អភិបាលរងខេត្តសៀមរាបណែនាំដូច្នេះនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៦ នេះ ក្នុងឱកាសអញ្ជើញពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ ” នៅក្នុងបរិវេណមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប រៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបសហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប៕SRP