ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវរារាំងមន្ត្រីអនុវត្តន៍ច្បាប់ពេលមន្ត្រីឃាត់ត្រាក់ទ័រ២គ្រឿង ដែលកំពុងឈូសឆាយដីក្នុងដែនជម្រក
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក ថុក ចាន់ធី ប្រធានក្រុមល្បាតប្រចាំនៅស្នាក់ការរងយ៉ាកម៉ាយ បានចុះល្បាតនៅចំណុចភ្នំក្រឡា ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
មន្រ្តីឧទ្យានុរក្ស បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានប្រាប់ថា ពេលក្រុមការងារល្បាតដល់ចំណុចខាងលើ ក៏ប្រទះឃើញមានសកម្មភាពលួចឈូសឆាយ សម្អាត និងភ្ជួរដីប្រមូលព្រៃដុតមួយកន្លែង ដែលមានទំហំប្រហែល ២០ហិកតា និងឃើញមានត្រាក់ទ័រចំនួន ២គ្រឿងចតទុកចោលនៅទីតាំងក្បែរដីខ្ទមចាំចំការ១ខ្នង។
មន្រ្តីបានបន្តទៀតថា ដោយមានការអនុញ្ញាតពីលោក ឡេង ស៊ុយទ្រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី, ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ថុតាងត្រាក់ទ័រចំនួន២គ្រឿង យកទៅរក្សាទុកនៅទីស្នាក់ការលំផាត់ និងនាំខ្លួនតៃកុងត្រាក់ទ័រ ដើម្បីមកសួរនាំនៅមន្ទីរបរិស្ថានខេត្ត។
ប៉ុន្តែនៅវេលាម៉ោង ៣៖២០នាទីថ្ងៃដដែល នៅពេលក្រុមការងារកំពុងបើកត្រាក់ទ័រទាំង២គ្រឿង ចេញមកតាមផ្លូវដល់ចំណុចក្រុមហ៊ុន «ម្កុដ ពេជ្រ» ស្រាប់តែមានរថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខកម្ពុជា LY.B.99 ដែលមានឈ្មោះ តាំង ស៊ុនលី ជាថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» នៅក្រុងបានលុង បានចតឡានពាំងផ្លូវ មករារាំងកម្លាំងមិនឲ្យយកត្រាក់ទ័រ និងអ្នកបើកនោះទេ ទោះបីកម្លាំងព្យាយាមពន្យល់ ពីផ្លូវច្បាប់យ៉ាងណាក៏ដោយ។
តាមសេចក្តីរាយការណ៍ និងព័ត៌មានមួយចំនួនដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន, លោក តាំង ស៊ុនលី កន្លងមកមានការជាប់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋជាច្រើនរយហិកតា ហើយមន្ត្រីជំនាញបានកសាង សំណុំរឿងជាច្រើនរឿង បញ្ជូនទៅចាត់ការតាមនីតិវិធីនៅសាលាដំបូងខេត្តរតនគិរីរួចរាល់ផងដែរ ប៉ុន្តែបុគ្គលនេះនៅតែហ៊ានល្មើសច្បាប់ដដែល។
ជុំវិញករណីនេះលោក សឿង ខេមរៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃលំផាត់ នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ថា មន្ត្រីជំនាញកំពុងតែស្វែង រកអ្នកពាក់ព័ន្ធ ទាំងអស់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕SRP

