ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧នៅខេត្តបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៦-២០២៧នៅខេត្តបាត់ដំបងដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ដោយមានការនិមន្តចូលរួមជាព្រះអធិបតីពីសម្ដេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះរាជតំណាង សម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសាសនាជាពិសេសការលើកស្ទួយវិស័យពុទ្ធិកសិក្សា ដែលផ្តល់ឱកាសសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនាទទួលបានឱកាសសិក្សារៀនសូត្រ ចាប់តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា និងបានធ្វើឱ្យមានសុខដុមសាសនានៅក្នុងប្រទេសមិនមានជម្លោះសាសនានោះទេ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ព្រះសង្ឃគ្រប់អង្គនឹងចូលរួមសិក្សា និងគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវស្របតាមគន្លងធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋដើម្បីលើកស្ទួយព្រះពុទ្ធសាសនាជាពិសេសវិស័យពុទ្ធិកសិក្សាក្នុងខេត្តបាត់ដំបងនិងដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃ ប្រកបដោយគុណភាពខ្ពស់សម្រាប់ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម សំណូមពរដល់ព្រះសង្ឃសូមចូលរួមអប់រំដល់ពុទ្ធបរិស័ទដាស់តឿនដល់កូនចៅត្រូវចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន ជាពិសេសចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន៕SRP

