ឆ្លងចេត្រ សម្លឹងមុខឌឺដងគ្នា ចេញមកក្រៅវាយគ្នាប្រាវ
ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើងចំនួន៧នាក់
ខេត្តសៀមរាប៖កម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាបសហការជាមួយនគរបាលស្រុកជីក្រែងបានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ៧ នាក់ (ពីរក្រុមផ្សេងគ្នា) បានបង្កអំពើហិង្សា នៅចំណុចផ្លូវកៅស៊ូ ក្នុងស្រុកជីក្រែង។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ (២ក្រុមផ្សេងគ្នា) រួមមាន៖
១- ឈ្មោះ លុន សុលីន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ បើករថយន្តដឹកគ្រឿងទេស (គ្មានប្រវត្តិទោស)
២- ឈ្មោះ លុន វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ បើករថយន្តដឹកគ្រឿងសំណង់ (គ្មានប្រវត្តិទោស)
៣- ឈ្មោះ លន់ សុឃីម ភេទប្រុសអាយុ១៨ ឆ្នាំ មុខរបរ ជាងកាត់សក់ (គ្មានប្រវត្តិទោស)
៤- ឈ្មោះ ខេង ឃា ភេទប្រុសអាយុ២០ឆ្នាំមុខរបរ បុគ្គលិករោងពុម្ព (គ្មានប្រវត្តិទោស)
៥- ឈ្មោះ សាន សីហា ភេទប្រុសអាយុ១៦ ឆ្នាំ មុខរបរ កម្មករសំណង់ (គ្មានប្រវត្តិទោស)
៦- ឈ្មោះ ងួន ប៊ុនណាត ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ៨ (គ្មានប្រវត្តិទោស)
៧- ឈ្មោះ ស៊ី សុសាន ហៅ សើម ភេទប្រុសអាយុ ១៩ ឆ្នាំ មុខរបរកសិករ (គ្មានប្រវត្តិទោស) (រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។
នគរបាលបានបន្តថា អំពើហិង្សានេះ មូលហេតុបណ្ដាលមកពីការសម្លឹងមុខឌឺដងគ្នា ក្នុងអំឡុងពេលចូលរួមពិធីឆ្លងចេត្រ នៅចំណុចស្ពាននាគ (ស្ពានបុរាណ) ស្ថិតនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ហើយបន្ទាប់ពីកម្មវិធីបញ្ចប់ ពួកគេបានជិះម៉ូតូជាក្រុមៗ ហើយក៏កើតមានអំពើហិង្សាទៅវិញទៅមក ត្រូវបានប្រជាពលរដ្ឋថតវីដេអូ បង្ហោះតាមបណ្ដាញសង្គមតែម្ដង។
នគរបាលបានបន្ថែមថា ក្នុងប្រតិបត្តិការនេះ ដករហូតវត្ថុតាងបានពីកន្លែងកើតហេតុ រួមមាន៖ ដុំឥដ្ឋ ២ ដុំ, ដុំដី១ ដុំ, អាវម៉ូតូខូច ១គូ និងកញ្ចក់ម៉ូតូ ១។
កម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ដោយលទ្ធផលឃើញវិជ្ជមានម្នាក់
គឺឈ្មោះ ខេង ឃា។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនអនុវត្តតាមច្បាប់បន្តទៀត។
សូមបញ្ជាក់ថាអំពើហិង្សាក្មេងទំនើងបង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង កាលពីវេលាម៉ោង១៨ ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៦។
សូមជម្រាបថាប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP

