ចាប់ខ្លួនមនុស្សបីនាក់ ៣នាក់បញ្ជូនទៅតុលាការ ករណីកាប់ដើម ប្រមូលផ្លែសំរ៉ង ក្នុងតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថានបានប្រកាសថាដោយមានការសម្របសម្រួលពីព្រះរាជ អាជ្ញានៃសាលាដំបូងខេត្តរតនគិរី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី សហការជាមួយគណ:កម្មការសហគមន៍តំបន់ការពារធម្មជាតិ អូរទុង និងមានការគាំទ្រពី គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកវើនសៃ បានធ្វើការចុះល្បាត ធ្វើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបាន ធ្វើសកម្មភាពកាប់ដើម ប្រមូលផ្លែសំរ៉ងខ្ចី ដោយខុសច្បាប់ ក្នុងសហគមន៍តំបន់ ការពារធម្មជាតិអូរទុងនៃឧទ្យានជាតិវីរៈជ័យ ត្រង់ចំណុចអូរចាណោះផាច ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន
១.ឈ្មោះ ឆេវ បូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិលាជក្រោម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅ : ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។
២.ឈ្មោះ ចាន់ គីឡា ភេទប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នរសើនៅ : ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។
៣.ឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ : ភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគីរី។
ជាមួយគ្នានេះ ក្រុមការងារបានធ្វើកំណត់ហេតុចាប់រឹបអូសវត្ថុតាង រួមមាន.ផ្លែសំរ៉ងខ្ចី ចំនួន៣ការ៉ុង ស្មើនឹង ៨០គីឡូក្រាម និង.ម៉ូតូ ចំនួន ០២គ្រឿង ។ ក្រុមការងារបាននិងកំពុងចាត់វិធានការតាមនីតិវិធីច្បាប់ បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅតុលាការ សាលាដំបូងខេត្តរតនគិរី។
ក្រសួងរិស្ថាន សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួម និងហាមពលរដ្ឋ កាប់ រំលំដើម សំរងដើម្បីយកផ្លែ ដ្បិតវានឹងមិនត្រឹម តែ ជាទង្វើល្មើសច្បាប់ និងវាក៏ធ្វើឱ្យបា ត់បង់ ប្រភេទជីវៈចម្រុះដ៏សំខាន់សម្រាប់បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។
យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ក្នុងចំណុច «គ» ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃ ឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិ ព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ ០០០រៀល ទៅ៥០០ ០០០ ០០០រៀល។ ដោយឡែក តាមមាត្រា៨៥១ ក្នុង ចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូច ខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ ៕SRP

