លេងតុងទីន៖ ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្តលើប្រាក់លេងតុងទីនជិត១លានដុល្លារ
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ លី លីនដា ពីបទឆបោក និងរំលោភលើទំនុកចិត្ត លើប្រាក់លេងតុងទីនជិត ១លានដុល្លារអាមេរិក។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីឈ្មោះ សុភា ឈ្មោះ រស្មី និងឈ្មោះ គន្ធា។
នៅអំឡុងខែតុលា ឆ្នាំ២០២៥ ឈ្មោះ លី លីនដា ដែលមានគណនីយហ្វេសបុកឈ្មោះ (Kelly Kelly) បានលេងតុងទីនជាមួយដើមបណ្តឹងទាំង ៣នាក់ ជាមេតុងទីន ក្នុងនោះឈ្មោះ លី លីនដា (Kelly Kelly) បានលេងតុងទីនចំនួន ៣០ខ្សែ និងបានដេញតុងទីនគ្រប់ខ្សែទាំងអស់ ហើយមិនបង់ថ្លៃតុងទីនត្រលប់មកវិញសរុប ៩៦៦.៧០០ដុល្លា រួមមាន៖
*១៖បានដេញតុងទីន ពីមេឈ្មោះ រស្មី ដេញតុងទីនយកប្រាក់ចំនួន ១៤ខ្សែ បានប្រាក់សរុបចំនួន ៣៩០.០២០ដុល្លារ។
*២៖ បានដេញតុងទីន ពីមេឈ្មោះ សុភា ដេញតុងទីនយកប្រាក់ចំនួន ០៣ខ្សែ បានប្រាក់សរុបចំនួន ១២០.០០០ដុល្លារ។
*៣៖ បានដេញតុងទីន ពីមេឈ្មោះ គន្ធា ដេញតុងទីនយកប្រាក់ចំនួន ១៣ខ្សែ បានប្រាក់សរុបចំនួន ៤៥៦.៦៨០ដុល្លារ។
ស្រាប់តែនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ លី លីនដា បានប្រើល្បិចភូតកុហកអ្នកទាំង ៣រូបថា គាត់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនពីបទ៖ នាំចូលរថយន្តអត់ពន្ធ គ្រឿងញៀន និងសម្អាតប្រាក់ ហើយបានខ្ចីប្រាក់ពីអ្នកទាំង ៣រូប ចំនួន ១៥០.០០០ដុល្លារ ដើម្បីដោះស្រាយករណីនេះ ប៉ុន្តែពេលស្ទើបសួរទើបដឹងថា ឈ្មោះ លី លីនដា (Kelly Kelly ) មិនត្រូវបានសមត្ថកិច្ចឃាត់អ្វីទេ។ លុះដល់ថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ លី លីនដា (Kelly Kelly) មានគម្រោងរត់គេចខ្លួនទៅក្រៅប្រទេស ទើបអ្នកទាំង ៣រូប នាំខ្លួនឈ្មោះ លី លីនដា មកប្រគល់ឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយតាមច្បាប់៕SRP

