អាជ្ញាធរស្រុកស្រីស្នំ បដិសេធព័ត៌មានបូមខ្សាច់ខុសច្បាប់ ថាជារូបភាពចាស់
លោក សោម វិនា អភិបាលរងស្រុកស្រីស្នំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព័ត៌មានលើបណ្តាញសង្គមដែលបានចែកចាយថា អាជ្ញាធរស្រុកស្រីស្នំ ឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឲ្យមានសកម្មភាពបូមខ្សាច់ខុសច្បាប់ នៅតាមបណ្ដោយស្ទឹងអូរជីក ស្រុកស្រីស្នំ បណ្តាលឱ្យបាក់ច្រាំងដីប្រជាពលរដ្ឋ និងបាត់បង់ចំណូលពន្ធរដ្ឋនោះ មិនមែនជាការពិតឡើយ។
លោកបានបដិសេធថា រូបភាពដែលបានផ្សព្វផ្សាយ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺជារូបភាពចាស់កើតឡើងតាំងពីអំឡុងឆ្នាំ២០២៤មកម្ល៉េះ ហើយអាជ្ញាធរស្រុក សហការជាមន្ទីរ-អង្គភាពជំនាញ បានចុះទៅណែនាំ និងបញ្ឈប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន ហិន ហៀរ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ភ្លាមៗផងដែរ ។ បច្ចុប្បន្នក៏មិនមានសកម្មភាពបូមខ្សាច់នៅទីតាំងនោះទៀតឡើយ។ លោកបន្ថែមថា សព្វថ្ងៃក្រុមហ៊ុនដែលធ្លាប់ធ្វើអាជីវកម្មខាងលើ បានបន្តសកម្មភាពនៅ ខេត្តបន្ទាយមានជ័យ មិនមែននៅក្នុងខេត្តសៀមរាប ស្រុកស្រីស្នំ ទៀតនោះទេ។
អាជ្ញាធរអំពាវនាវឱ្យសាធារណជន ពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចែករំលែក ដើម្បីជៀសវាងការយល់ច្រឡំក្នុងសង្គម៕SRP

