រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន
0

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាត់ទុកការធ្វើទំនើបកម្មរចនាសម្ព័ន្ធថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងស្ថាប័ន

ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីរចនាសម្ព័ន្ធថវិកាកម្មវិធីថ្មី និងអង្គភាពថវិការបស់ក្រសួងកិច្ចការនារី នៅខេត្តសៀមរាប នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ក្នុងគោលដៅជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធីថ្មី គឺជាសកម្មភាពស្នូលក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងស្ត្រីឱ្យកាន់តែប្រសើរឡើង។

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី មានប្រសាសន៍ថា សិក្ខាសាលាដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅខេត្តសៀមរាបនាពេលនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់ សម្រាប់យើងទាំងអស់គ្នា ដែលជាកិច្ចការគន្លឹះក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនកាន់តែប្រសើរ ដែលនេះ ជាចំណុចស្នួលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីភាព។ លើសពីនេះការយល់ច្បាស់ និងក្តាប់បានលើការងារជាយុទ្ធសាស្ត្រតាមវិស័យ និងផែនការថវិកាសមិទ្ធកម្ម ដែលអាចបង្ហាញអំពីផលជះជាវិជ្ជមាន ទៅដល់ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជីវភាព និងតួនាទីស្ត្រី និងសហគមន៍ ក៏ ដូចជាការពង្រឹងស្ថាប័ន គឺជាកម្លាំងដ៏វិសេសក្នុងការបណ្ដុះ និងជំរុញសន្ទុះចិត្តក្នុងការបន្តអនុវត្តបេសកកម្មរបស់ស្ថាប័នយើង និងយើងម្នាក់ៗ ជូនសង្គមជាតិ ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

លោកជំទាវកិត្តិបណ្ឌិតបន្ថែមថា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្ដោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត រាជរដ្ឋាភិបាលបានកំណត់អភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ដោយបន្តឈរលើឆន្ទៈ «កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់»។ ក្នុងនោះបានដាក់ចេញនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ត្រីពីសុខដុមនីយកម្មកិច្ចការកែទម្រង់គន្លឹះ ដោយផ្អែកលើសមិទ្ធផលនិងបទពិសោធន៍កន្លងទៅ។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រខាងលើនេះ ក្រសួងកិច្ចការនារីបានកំណត់គោលបំណងគោលនយោបាយ “ការលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពជាពលរដ្ឋ និងគុណតម្លៃស្ត្រី ឱ្យក្លាយជាមូលធនមនុស្សក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន” និងកម្មវិធីចំនួន៣ គឺ១.ការបញ្ជ្រាបយេនឌ័រនិងការបង្កើនភាពអង់អាចដល់ស្ត្រី, ទី២.ការលើកកម្ពស់សិទ្ធិនិងតម្លៃស្ត្រី និងទី៣.ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅ ដោយកម្មវិធីនីមួយៗ មានអនុកម្មវិធីចង្កោមសកម្មភាព និងសកម្មភាពគាំទ្រ ដោយស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការចូលរួមអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា “ថវិកាសមិទ្ធកម្ម” ក្នុងស្មារតីតម្រូវឱ្យការតាមដាននិងវាយតម្លៃអំពីប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការអនុវត្តក្នុងកម្រិតកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាព តាមរយៈសូចនាករសមិទ្ធកម្មគន្លឹះៗ ដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ សម្រាប់ធ្វើការសម្រេចចិត្តលើការវិភាជថវិកា ឬធនធាន ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រនារីរតនៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ