នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា
នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាឱ្យក្រសួងស្ថាប័នជំនាញស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ហើយថា បើសិនជារកឃើញការពិតថា មានមន្ត្រី ឬជនណាហ៊ានលួចនាំចូលប្រេងពីថៃចូលកម្ពុជាមែន ត្រូវចាត់ការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារដូច្នេះថា៖
ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។
ខ្ញុំបានចេញបទបញ្ជាឱ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។
ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។
សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕SRP

