កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រហូតឈានដល់រាជធានីភ្នំពេញ ចាប់ខ្លួនមនុស្ស៦នាក់ និងដកហូតថ្នាំញៀនជាង១៥គីឡូក្រាម

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រហូតឈានដល់រាជធានីភ្នំពេញ ចាប់ខ្លួនមនុស្ស៦នាក់ និងដកហូតថ្នាំញៀនជាង១៥គីឡូក្រាម
0

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រហូតឈានដល់រាជធានីភ្នំពេញ ចាប់ខ្លួនមនុស្ស៦នាក់ និងដកហូតថ្នាំញៀនជាង១៥គីឡូក្រាម

ខេត្តតាកែវ៖ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយពន្លាតដែនសមត្ថកិច្ចពីរខេត្តតាកែវ រហូតដល់រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថា កាលពីវេលាម៉ោង ០៦:៤០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបដំបូងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។ បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវយ៉ាងក្ដៅគគុក កម្លាំងជំនាញបានបន្តពន្លាតប្រតិបត្តិការទៅកាន់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង ស៊ីន រក្សា ដោយបង្ក្រាបបានចំនួន ២ទីតាំងបន្ថែមទៀត ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល។

សមត្ថកិច្ចបានបន្តថាលទ្ធផលនៃប្រតិបត្តិការដ៏ធំនេះ រួមមាន៖ ការឃាត់ខ្លួនជនសង្ស័យ៖ សរុបចំនួន ០៦នាក់ (ស្រី ០២នាក់) ដែលមានមុខរបរមិនពិតប្រាកដ និងមានទីលំនៅមកពីបណ្ដាខេត្តផ្សេងៗគ្នា រួមមាន តាកែវ ភ្នំពេញ បន្ទាយមានជ័យ និងស្វាយរៀង។ វត្ថុតាងដែលដកហូតបាន៖ សារធាតុញៀនសរុប៖ ជាង ១៥ គីឡូក្រាម (រួមមាន ម្សៅក្រាមពណ៌សថ្លា (MET) ជិត ១៤.៤ គីឡូក្រាម, ថ្នាំគ្រាប់ WY ជាង ៣,៥០០គ្រាប់ និងម្សៅពណ៌ទឹកក្រូច (Ketamine) ជាង ១គីឡូក្រាម)។ រថយន្ត LEXUS NX200T ចំនួន ០១គ្រឿង, ម៉ូតូ ០៣គ្រឿង, ម៉ូតូកង់បី (PassApp) ០១គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។ កាំភ្លើងកែច្នៃ ០១ដើម, ជញ្ជីងថ្លឹងថ្នាំញៀន ០៣គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ ០១គ្រឿង ព្រមទាំងលិខិតឆ្លងដែននិងសម្ភារៈវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP