ខេត្តរតនគិរីការនាំចេញកសិផលតាមច្រកអូរយ៉ាដាវស្ទុះឡើងជិត ១០០% ខណៈក្រសួងពាណិជ្ជកម្មសម្រុកពង្រឹងស្តង់ដារ “ផលិតផលខ្មែរ” !

ខេត្តរតនគិរីការនាំចេញកសិផលតាមច្រកអូរយ៉ាដាវស្ទុះឡើងជិត ១០០% ខណៈក្រសួងពាណិជ្ជកម្មសម្រុកពង្រឹងស្តង់ដារ “ផលិតផលខ្មែរ” !
0

ខេត្តរតនគិរីការនាំចេញកសិផលតាមច្រកអូរយ៉ាដាវស្ទុះឡើងជិត ១០០% ខណៈក្រសួងពាណិជ្ជកម្មសម្រុកពង្រឹងស្តង់ដារ “ផលិតផលខ្មែរ” !

ខេត្តរតនគិរី៖វិស័យពាណិជ្ជកម្មនៅខេត្តរតនគិរី បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ជាមួយនឹងកំណើននៃការនាំចេញកសិផលស្ទើរតែទ្វេដង។ ទន្ទឹមនឹងការរីកចម្រើននេះ ក្រសួងពាណិជ្ជកម្មបានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីជំរុញឱ្យផលិតករក្នុងស្រុកពង្រឹងគុណភាព និងសោភណភាពផលិតផល សម្រាប់ប្រកួតប្រជែងលើទីផ្សារទំនើប និងការនាំចេញ។

ក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក នាង សំអាត អភិបាលរងខេត្តរតនគិរី បានបង្ហាញទិន្នន័យដ៏គួរឱ្យភ្ញាក់ផ្អើលថា ការនាំចេញកសិផល និងកសិ-ឧស្សាហកម្មតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ សម្រេចបានប្រមាណ ១១,៩៤៤ តោន ដែលគិតជាទឹកប្រាក់ជាង ១០ លានដុល្លារ។ លោកថា តួលេខនេះតំណាងឱ្យកំណើនរហូតដល់ ៩៦.៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផ្ទុយទៅវិញ ការនាំចូលទំនិញពីប្រទេសវៀតណាមបានធ្លាក់ចុះប្រមាណ ៩.៧៦% ដែលនេះសបញ្ជាក់ឱ្យឃើញពីសមត្ថភាពកាន់តែខ្ពស់ នៃផលិតកម្មក្នុងស្រុក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបំប្លែងសក្តានុពលនេះ ឱ្យទៅជាចំណូលប្រកបដោយចីរភាព អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កៅ កោសល បានដឹកនាំក្រុមជំនាញ និងតំណាងមកពីផ្សារទំនើបអីអន (AEON) ដើម្បីបណ្តុះបណ្តាលម្ចាស់អាជីវកម្ម និងសិប្បករក្នុងខេត្តរតនគិរី លើវិធានការគន្លឹះចំនួន ៥ រួមមាន៖ ការកែច្នៃផលិតផលឱ្យត្រូវតាមនិយាមទីផ្សារបច្ចុប្បន្ន ,ការរចនាសម្បកវេចខ្ចប់ឱ្យមានភាពទាក់ទាញ និងអនាម័យ ,ការកសាងម៉ាកយីហោ (Branding) បង្កើតអត្តសញ្ញាណផលិតផលខ្មែរឱ្យមានភាពលេចធ្លោ ,ការបញ្ជូនទំនិញចូលផ្សារទំនើប ដោយបង្ហាញពីលក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានច្បាប់ និងការចែករំលែកបទពិសោធន៍ផ្ទាល់ ពីសំណាក់ម្ចាស់អាជីវកម្មឆ្នើមក្នុងតំបន់។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កៅ កោសល បានសង្កត់ធ្ងន់ថា “ដើម្បីប្រកួតប្រជែងឈ្នះលើទីផ្សារ ផលិតករត្រូវយកចិត្តទុកដាក់ខ្ពស់លើការបិទស្លាកតម្លៃ បារកូដ និងកាលបរិច្ឆេទឱ្យបានត្រឹមត្រូវ”។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តរតនគិរី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តគាំទ្រផលិតផលខ្មែរ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងពង្រឹងសេដ្ឋកិច្ចជាតិទាំងមូល។

សិក្ខាសាលានេះមិនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លងផលិតផលពីតំបន់ភូមិភាគឦសាន ឱ្យមានវត្តមានកាន់តែច្រើននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ និងនៅលើឆាកអន្តរជាតិ៕SRP