អ.ប.ព. បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព.

អ.ប.ព. បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព.
0

អ.ប.ព. បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព.

ដើម្បីពង្រឹងការយល់ដឹងជាមូលដ្ឋានអំពីការត្រួតពិនិត្យ និងវាយតម្លៃឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃ ជូនថ្នាក់ដឹកនាំ និងមន្រ្តីអ.ប.ព. ចំនួន ១២០នាក់ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៦ នៅ អ.ប.ព. ក្រោមអធិបតីភាព ឯកឧត្តម មុំ ភាព ឧបការី និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ នៃ អ.ប.ព. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធាន អ.ប.ព. និងឧទ្ទេសនាមដោយ ឯកឧត្ដ​មបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​​កិច្ចការ​ព្រំដែន។

ឯកឧត្ដម មុំ ភាព ​បានសម្តែងនូវការអរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុក​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន ​ដែលបានសហការ​ជា​មួយ អ.ប.ព​. ក្នុង​ការ​បណ្តុះបណ្តាល​ធន​ធានមនុស្ស​​ជូនមន្ត្រីរាជការនៃ​ អ.ប.ព. ដោយ ចាត់តាំង ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី ដែលជាមន្ត្រីជំនាញមាន​​បទ​ពិសោ​ធន៍​លើ​ការងារ​នេះ​​ដោយ​ផ្ទាល់។ ឯកឧត្ដម មានប្រសាសន៍ថា វគ្គនេះ ពិតជា​ទុន​​មួយ​ដ៏មាន​សារៈ​​សំខាន់បំផុត និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការកសាង និងការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីអ.ប.ព. និងរួមចំណែក​ធ្វើឱ្យ​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​​ នៃ​ អ.ប.ព. កាន់តែមាន​ប្រសិទ្ធ​ភាព​​ខ្ពស់​ថែម​​​មួយ​កម្រិត​​ទៀត ។

ឯកឧត្ដ​មបណ្ឌិត សោ សុន្ទរ៍ធារី ធ្វើបទបង្ហាញជូនអង្គសិក្ខាកាម ដោយផ្តោតលើចំណុចសំខាន់ៗ ដូចជា ១) មូលដ្ឋានគ្រឹះនៃការត្រួតពិនិត្យនិងវាយតម្លៃ ២) ក្របខ័ណ្ឌ និងឧបករណ៍តាមដាននិងវាយតម្លៃ ៣) ការតាមដាន និងវាយតម្លៃក្នុងស្ថាប័នសាធារណៈ ៤) ការវិភាគទិន្នន័យក្នុងការតាមដាននិងវាយតម្លៃ និង ៥) ការសរសេររបាយការណ៍ការតាមដាន និងវាយតម្លៃ។

ឯកឧត្ដម មុំ ភាព បានបញ្ជាក់ថា វគ្គនេះ គឺជា​វគ្គបណ្តុះបណ្តាលលើកទី៣ ក្នុងឆ្នាំ២០២៦ ដែល អ.ប.ព. បានរៀបចំឡើងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ​ អ.ប.ព. ដែលជាការងារអាទិភាព​មួយ ​គាំទ្រ​ដល់ការអនុវត្តសកម្មភាព​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុងផែនការយុទ្ធសាស្ត្រ ​ គឺ “ការត្រួតពិនិត្យ និងវាយតម្លៃ” ហើយការងារនេះគឺជាមូលដ្ឋានគ្រឹះជួយ​ជំរុញដល់ការពង្រឹង​គណនេយ្យភាព​ ដើម្បី​ធានាថា​ធនធាន​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ​និងការទទួល​ខុសត្រូវខ្ពស់៕SRP