បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ

បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ
0

បុរសម្នាក់បានស្លាប់ ក្នុងគ្លីនិកនៃបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ

អ្នកជំងឺវ័យ៦៤ឆ្នាំម្នាក់ បានស្លាប់ក្នុងបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ នៅស្រុកស្វាយអន្ទរក្រោយទទួលការព្យាបាលរយៈពេល៤ថ្ងៃ។

បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ មានទីតាំងលើផ្លូវលំ ក្នុងភូមិបឹងវែង ឃុំ​ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​។​

រីឯអ្នកជំងឺឈ្មោះ យ៉ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំនៅភូមិព្រៃភ្លាំង ឃុំ​ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានដាច់ខ្យល់ស្លាប់ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុនពេលស្លាប់ អ្នកជំងឺឈ្មោះ យ៉ ឆែម គ្រាន់តែមានអាការៈចុកឆ្អល់និងឈឺក្រពះប៉ុណ្ណោះដោយសង្ស័យថា ជំងឺបេះដូង ហើយក៏បានទៅពិគ្រោះជំងឺនៅ បន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ គង់ សុវណ្ណ ត្រង់ចំណុចខាងលើ។

ជាមួយគ្នានោះ លោក គង់ សុវណ្ណ ម្ចាស់បន្ទប់ពិគ្រោះក៏បានធ្វើការពិនិត្យនិងវិនិច្ឆ័យរោគ ដោយចាក់ថ្នាំផងនិងផ្សំថ្នាំឱ្យអ្នកជំងឺលេបផងក្នុងរយៈពេល៥ថ្ងៃ។
បើតាមគ្រួសាររងគ្រោះការព្យាបាលនោះ អ្នកជំងឺពុំបានសំរាកក្នុងគ្លីនិកនោះទេ ដោយខាងគ្រូពេទ្យតម្រូវឱ្យមកសំរាកនៅផ្ទះខ្លួនឯង។ ប៉ុន្តែត្រូវទៅចាក់ថ្នាំនៅបន្ទប់ពិគ្រោះ គង់ សុវណ្ណ ជាប្រចាំដើម្បីតាមដានអាការៈជំងឺ។ និយាយជារួម ចាប់ពីថ្ងៃព្យាបាលដំបូងរហូតដល់ថ្ងៃទី៤ គឺអ្នកជំងឺឈ្មោះ យ៉ ឆែម បានទៅចាក់ថ្នាំក្នុង១ថ្ងៃម្ដងយ៉ាងទៀងទាត់ តាមការណាត់របស់គ្រូពេទ្យ។

ប្រភពដដែលបន្តថា ខណៈការព្យាបាលឈានដល់ថ្ងៃទី៥ ត្រូវនឹងព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ភរិយារបស់អ្នកជំងឺ ក៏បានជូនប្ដីទៅចាក់ថ្នាំដូចសព្វមួយដង។ ប៉ុន្តែបែរជាម្ចាស់បន្ទប់ពិគ្រោះ គង់ សុវណ្ណ មិននៅ ហើយអ្នកជំងឺនិងភរិយាក៏បានវិលត្រឡប់មកផ្ទះវិញ ជាហេតុនាំឱ្យការចាក់ថ្នាំត្រូវខកខាន លុះដល់រសៀលអ្នកជំងឺឈ្មោះ យ៉ ឆែម បានធ្វើទុក្ខនិងប្រាប់ប្រពន្ធថា ជំងឺខ្ញុំរើឡើងវិញហើយ រហូតដល់ល្ងាចថ្ងៃទី១៧ ខែ.ឆ្នាំដដែល អ្នកជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើង ដោយខ្យល់ចាប់និងចុកណែនដើមទ្រូង ឃើញដូច្នេះក្រុមគ្រួសារ បានឌុបឈ្មោះ យ៉ ឆែម តាមម៉ូតូទៅកាន់បន្ទប់ពិគ្រោះ គង់ សុវណ្ណ។ ក្នុងនោះ គ្រូពេទ្យក៏បានពិនិត្យបន្ថែមទៀតនិងធ្វើចលនាដង្ហើម អស់រយៈពេលប្រហែល១ម៉ោង។
ទើបអ្នកជំងឺ យ៉ ឆែម ដាច់ខ្យល់ស្លាប់ក្នុងបន្ទប់ពិគ្រោះ គង់ សុវណ្ណ តែម្ដងទៅ រួចក៏ដឹកសាកសពមកធ្វើបុណ្យនៅផ្ទះ។ បន្ទាប់ពីស្លាប់បែបនេះម្ចាស់”បន្ទប់ពិគ្រោះ គង់ សុវណ្ណ”ក៏បានប្រគល់ប្រាក់ចំនួន ៧.០០០.០០០រៀល ទៅឱ្យក្រុមគ្រួសារសព.ដោយផ្អែកថា ជាថ្លៃចូលបុណ្យ ពុំមែនជាលុយសំណងឬថ្លៃភ្លាត់ស្នៀតព្យាបាលមនុស្សស្លាប់អ្វីទេ។

ជុំវិញការស្លាប់អ្នកជំងឺនេះដែរ សារព័ត៌មានមិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយថា តើជនរងគ្រោះឈ្មោះ យ៉ ឆែម ស្លាប់ដោយសារកំហុសបច្ចេកទេសគ្រូពេទ្យ ឬក៏ស្លាប់ដោយសារ ជំងឺវិវត្តលឿននោះទេ.?។

ជាក់ស្តែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីលោក គង់ សុវណ្ណម្ចាស់បន្ទប់ពិគ្រោះ គង់ សុវណ្ណ ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល លុះខលទូរស័ព្ទ១ប្រព័ន្ធទៀតស្រាប់តែ ភរិយារបស់លោក គង់ សុវណ្ណ លើកជំនួសនិងបានបដិសេធមិនបកស្រាយ។

រីឯលោក ហេង ទ្រី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិស្វាយអន្ទរ បានថ្លែងប្រាប់ សារព័ត៌មានថា បន្ទប់ពិគ្រោះ គង់ សុវណ្ណ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោក ហេង ទ្រី បន្តថា ការស្លាប់អ្នកជំងឺខាងលើ គឺដោយសារគាំងបេះដូង។

ចំណែកក្រុមគ្រួសារសព ក្រោយទទួលបានប្រាក់ចូលបុណ្យចំនួន៧លានរៀល គឺបាននិយាយស្រដៀងគ្នាដែលថាឈ្មោះ យ៉ ឆែម ស្លាប់ដោយសារជំងឺគាំងបេះដូង៕SRP(ដកស្រង់អត្ថបទនិងរូបភាពពីរដើមរាំង)