អភិបាលក្រុងសៀមរាបណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល បូទិក អាផាតមិន សម្រាប់ជនបរទេស សូមឱ្យត្រួតពិនិត្យឱ្យបានច្បាស់នូវឯកសារបញ្ជាក់ លិខិតបញ្ជាក់ឯកសារផ្ទាល់ខ្លួន និងលិខិតឆ្លងដែនមុនអនុញ្ញាតឱ្យស្នាក់នៅ
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល បូទិក អាផាតមិន សម្រាប់ជនបរទេស សូមឱ្យត្រួតពិនិត្យឱ្យបានច្បាស់នូវឯកសារបញ្ជាក់ លិខិតបញ្ជាក់ឯកសារផ្ទាល់ខ្លួន និងលិខិតឆ្លងដែនឱ្យបានច្បាស់លាស់មុនអនុញ្ញាតឱ្យស្នាក់នៅ។
លោក នួន ពុទ្ធារ៉ា បានមានប្រសាសន៍ថា អនុក្រឹត្យនេះមិនត្រឹមតែជាឧបករណ៍គតិយុត្តិមួយសម្រាប់គាំទ្រ ដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
អភិបាលក្រុងណែនាំយ៉ាងដូច្នេះក្នុង
ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពី”ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ”។ នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦។
នៅរដ្ឋបាលក្រុងសៀមរាប លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយពីបែបបទនៃការស្នាក់នៅ នីតិវិធីនៃការផាកពិន័យចំពោះម្ចាស់អគារ និងអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដូចមានចែងក្នុងអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពី “ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ”។
ក្នុងនេះដែរ លោកស្នងការរង ក៏បានធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាខ្លឹមសារអនុក្រឹត្យនេះឲ្យបានច្បាស់លាស់ ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព ស្របតាមនីតិវិធីច្បាប់ និងធានាបាននូវការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខសង្គម ក្នុងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។
លោកស្នងការបន្តថា ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ ឲ្យអនុវត្តតាមបទប្បញ្ញត្តិច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការប្រព្រឹត្តល្មើស ដែលអាចនាំឲ្យមានការផាកពិន័យ ឬវិធានការផ្សេងៗតាមច្បាប់ជាធរមាន៕SRP

