អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រនៅក្នុងឃុំឃ្លាំងមាស

អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រនៅក្នុងឃុំឃ្លាំងមាស
0

អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រនៅក្នុងឃុំឃ្លាំងមាស

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៥៧០ ដោយក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមទទឹង០.៥ម៉ែត្រសងខាង និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៣កន្លែង ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ណែនាំអាជ្ញាធរត្រូវពិនិត្យលទ្ធភាពសាងសង់ផ្លូវណាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ខណៈការងារស្ថាបនាផ្លូវថ្នល់នឹងត្រូវធ្វើឡើងនៅគ្រប់ក្រុង ស្រុក មិនមែនធ្វើតែនៅក្នុងក្រុងនោះទេ។

ឯកឧត្តម ជំរុញអាជ្ញាធរ ឃុំ ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ លុបបំបាត់ការសាងសង់សំណង់ផ្សេងៗនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។

ឯកឧត្តម សុខ លូ ស្នើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងការដុតជញ្ជ្រាំងដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

ឯកឧត្តម ណែនាំអាជ្ញាធរត្រូវចុះផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋឱ្យចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕SRP