អាជ្ញាធរខេត្តសៀមរាបបញ្ជាឲ្យជំនាញ កម្ទេច
ចោលទាំងអស់ ឡដុតយកធ្យូង
លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ដែរថា ចំពោះប្រជាពលរដ្ឋដែលមានឡដុតយកធ្យូង សូមឱ្យមន្រ្ដីជំនាញកម្ទេចចោលទាំងអស់សម្រាប់ឡដែលដុតហើយ។ ដោយឡែក ឡដុតយកធ្យូងណាដែលកំពុងដុតត្រូវហៅម្ចាស់មកណែនាំ និងធ្វើកិច្ចសន្យា ដើម្បីឱ្យពួកគាត់រុះរើឡដុតដោយខ្លួនឯង បន្ទាប់ពីដុតយកធ្យូងហើយនឹងធ្វើការវាយកម្ទេច។ ជាមួយគ្នានេះ សូមឱ្យមន្រ្ដីជំនាញដែលទទួលបន្ទុកក្នុងកិច្ចការនេះ ត្រូវបន្តតាមដាន និងចុះពិនិត្យទីតាំងដែលបានធ្វើកិច្ចសន្យាជាមួយម្ចាស់សិប្បកម្ម និងម្ចាស់ឡដុតយកអុស ដើម្បីប្រាកដថាពួកគាត់បានអនុវត្តតាមកិច្ចសន្យាបានត្រឹមត្រូវ។
លោក អុឹង គឹមលាង ក៏បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ ត្រូវរុះរើម៉ាស៊ីនសម្រាប់ធ្វើសិប្បកម្មដែលមិនមានច្បាប់អនុញ្ញាតចេញ ពីតំបន់ការពារបរិស្ថានធម្មជាតិ នៅក្រៅតំបន់ការពារបរិស្ថានធម្មជាតិ ដើម្បីកុំឱ្យជាប់ពាក់ព័ន្ធនឹងករណីសុំរឿងតុលាការ។
ចំណែកអាជ្ញាធរមូលដ្ឋាន មន្រ្ដីជំនាញ ត្រូវធ្វើកិច្ចសន្យាជាមួយពួកគាត់ក្នុងការកំណត់ពេលវេលាឱ្យបានច្បាស់លាស់ក្នុងការដកចេញនូវម៉ាស៊ីនកែច្នៃដែលខុសច្បាប់របស់សិប្បកម្មទាំងអស់ ករណីដែលមិនអនុវត្តតាម ត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានករណីណាមួយលើកលែងឡើយ។
លោក អុឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបទីតាំងបទល្មើសធនធានធម្មជាតិចំនួន២កន្លែង ដែលជាទីតាំងកន្លែងសិប្បកម្ម និងឡដុតធ្យូង ស្ថិតក្នុងឃុំពង្រលើ និងឃុំខ្វាវ ស្រុកជីក្រែង។
គូសបញ្ជាក់ថា សម្រាប់ការចុះបង្ក្រាបនេះដែរ ក្រុមការងារបានចុះពិនិត្យទីតាំងឡដុតយកធ្យូង និងរោងសិប្បកម្មកែច្នៃ ក្នុងភូមិទាំង៦ នៃឃុំពង្រលើ និងក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានដកហូតចំពោះឧបករណ៍កែច្នៃដែលខុសច្បាប់ ដែលផុតកិច្ចសន្យាហើយនៅតែបន្តធ្វើ៕SRP
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

