ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួច និងត្រៀមសម្រាល ចំនួន ១៦នាក់ ស្នាក់នៅ ៣ទីតាំងរួមមាន វត្តពោធិ៍សាត់ ពោធ៍ពីរដើម, ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ, និងវត្តប្រាសាទត្រាំនាគ។
គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជាជនជាការលំបាកផ្ទាល់ខ្លួនរបស់លោកជានិច្ច។ ស្ថិតក្នុងឱកាសនោះ លោកជំទាវបានជួបសំណេះសំណាលក្រុមគ្រួសារស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប សូមមានភាពកក់ក្ដៅជាមួយអាជ្ញាធរមូលដ្ឋាននៅជាប់ផ្ទាល់ជាមួយនឹងបង-ប្អូន និងបានថ្លែងសរសើរចំពោះការយកចិត្តទុកដាក់ សម្របសម្រួលទីតាំងស្នាក់នៅ និងបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជូនក្រុមគ្រួសារភៀសសឹកក្នុងករណីចាំបាច់ណាមួយ។
ជាមួយគ្នានេះ លោកជំទាវលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយសម្រាប់រយៈពេល ៦ខែដំបូង ដើម្បីប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំ ហើយចំពោះម្ដាយកំពុងពពោះសូមបរិភោគអាហារសម្បូរសារធាតុចិញ្ចឹម ពិសេសជាតិដែក ដើម្បីឱ្យទារកនៅក្នុងផ្ទៃលូតលាស់បានល្អ។
ជាចុងក្រោយ លោកជំទាវជូនពរឱ្យមាតា និងទារកទាំងអស់មានសុខភាពល្អ និងអាជ្ញាធរមូលដ្ឋាន សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសសូមបង-ប្អូនដែលនៅជួរមុខទាំងអស់ជួបប្រទះតែសេចក្ដីសុខ សុវត្ថិភាពជានិច្ច។
សូមបញ្ជាក់ផងដែរថា សម្ភារ ១៣មុខ ផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គ.ក្រ, សារុង១, មួកកូនង៉ែត១, អាវកូនង៉ែត២, ខោទឹកនោម២ដុំ, កន្សែងសើម១ដុំ, កន្សែងពោះគោ២, ស្រោមដៃ និងស្រោមជើង២ឈុត, ប្រេងកូឡា២ដប, សំឡីអនាម័យស្ត្រី២ដុំ, ម្សៅទឹកដោះគោ២កំប៉ុង, ដបទឹកដោះគោ២, និងថវិកា លោកជំទាវ ខេង សំវ៉ាដា សមាជិការដ្ឋសភា ចំនួន១០ម៉ឺនរៀល។
ជាពិសេស ក្នុងអំឡុងពេលសំណេះសំណាលនេះលោកជំទាវអនុប្រធានក៏បានជួបសួរសុខទុក្ខ និងពាំនាំថវិការបស់លោកជំទាវ ខេង សំវ៉ាដា ព្រមទាំងថវិការបស់លោកជំទាវផ្ទាល់ ចំនួន ២០០ដុល្លារជូនប្អូនស្រីឈ្មោះ ធន់ ធារ៉ា ដែលកំពុងមានជំងឺខូចតម្រងនោមរ៉ាំរ៉ៃ និងបានលើកទឹកចិត្តឱ្យប្អូនស្រីមានក្ដីសង្ឃឹម តស៊ូជម្នះជំងឺនេះផងដែរ៕SRP