អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខក្មួយៗសិស្សានុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន និងបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខក្មួយៗសិស្សានុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន និងបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់។
ខណៈវត្តមានអញ្ជើញដល់របស់ ឯកឧត្តម អភិបាលខេត្ត ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីក្មួយៗសិស្សានុសិស្សរាប់ពាន់នាក់ ដោយបានបញ្ចេញជាសំឡេងហូរកញ្ជ្រាវ ទះដៃយ៉ាងកងរំពង ដែលបង្ហាញឲ្យឃើញពីក្តីរំភើប និងការដឹងគុណចំពោះសកម្មភាពការងារដ៏សកម្មរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងមន្ត្រីគ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ជាសម្ភារៈសិក្សាមួយចំនួនជូនដល់ក្មួយ សិស្សានុសិស្ស និងបានផ្តាំផ្ញើឲ្យក្មួយសិស្សានុសិស្សទាំងអស់នោះ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានល្អប្រសើរ ដោយកុំបាច់ព្រួយបារម្ភអ្វីក្រៅពីរៀសូត្រ ព្រោះថាបញ្ហាព្រំដែនដែលត្រូវបាននឹងកំពុងរងការយាយីពីចោរឈ្លានពានក៏ពិតមែន ប៉ុន្តែសូមក្មួយសិស្សានុសិស្ស មេត្តាទុកចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាលយើង ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ភាពអង់អាចក្លាហានរបស់ វីរកងទ័ពយើង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សិស្សភៀសសឹកកំពុងបន្តការសិក្សាតាមសាលារៀន ក្នុងខេត្តកំពង់ចាម ចំនួន ១.០៤៧នាក់ (ស្រីចំនួន៥៩៦នាក់)។ ក្នុងនោះ
+សិស្សមត្តេយ្យសិក្សា ចំនួន ៧៨នាក់ ស្រី៤៨នាក់
+សិស្សបឋមសិក្សា ចំនួន ៦៣៧នាក់ ស្រី៣៦២នាក់
+ សិស្សមធ្យមសិក្សា ចំនួន ៣៣២នាក់ ស្រី១៩២នាក់។
ចំពោះសិស្សទាំងអស់ត្រូវបានឯកឧត្តម អភិបាលខេត្ត ផ្តល់សម្ភារៈសិក្សាជូន ក្នុងម្នាក់ៗ ទទួលបាបាន -សៀវភៅ ៥ក្បាល ប៊ិក ៥ដេីម និងកាតាប ១ ផងដែរ៕SRP