បង្ក្រាប ករណីកាច់កម៉ូតូយ៉ាងសកម្ម ចាប់ខ្លួនជនដៃដល់ និងអ្នកទទួលផល សរុប៤នាក់
ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៦៖៤៥នាទី មានករណី លួចមានស្ថានទម្ងន់ទោស នៅចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដោយជនសង្ស័យចំនួន០២នាក់ ភេទប្រុស បានធ្វើសកម្មភាពកាច់កម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខ កំពត 1T-7441។
ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ក្រោយពីទទួលបានព័ត៌មានក្រោមការចង្អុលបង្ហាញពីអគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ឆាន់ គីមលី និងវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត, ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣០នាទី កម្លាំងជំនាញបានដឹកនាំសហការដោយឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើជាបន្តបន្ទាប់ចំនួន ០៤នាក់រួមមាន៖
១-ឈ្មោះ ហ៊ុន សុវ៉ានដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុចភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ សាំង រក្សា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិត្របែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ ម៉ាន់ វុទ្ធី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច ភូមិសាមគ្គី ឃុំអង្គ ស្រុកអង្គរបុរី ខេត្តតាកែវ ។
៤-ឈ្មោះ នៅ គួក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច ភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ចំនួន០៣គ្រឿង ។
-ឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត អនុវត្តនីតិវិធីបន្ត៕SRP