កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ក្រោយមានករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
សមត្ថកិច្ចខេត្តកែបបានឱ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញចម្រុះរួមមាន ផែនអន្តោប្រវេសន៍ ផែនព្រហ្មទណ្ឌ និងនគរបាលក្រុងកែប បានចុះអន្តរាគមន៍ភ្លាមៗនៅចំណុចផ្ទះជួល ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។
២. អត្តសញ្ញាណជនសង្ស័យ និងសកម្មភាព
ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកបើកបររថយន្ត។ យោងតាមរបាយការណ៍ ជននេះបានយកអាវុធខ្លីម៉ាក COONAN បាញ់បោះសេរីឡើងលើចំនួន ៦គ្រាប់ នៅចំណុចដីឡូតិ៍មួយកន្លែង ក្បែរផ្ទះជួលរបស់ខ្លួន។
៣. វត្ថុតាងដែលដកហូតបាន
ក្រោយការឆែកឆេរដោយមានការសម្របសម្រួលពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប សមត្ថកិច្ចបានរកឃើញ៖
អាវុធខ្លីសរុប៖ ០៤ ដើម។
គ្រាប់មិនទាន់ប្រើ៖ ១៧៩ គ្រាប់។
សំបកគ្រាប់បាញ់រួច៖ ៣៥ គ្រាប់។
៤. ចំណាត់ការបន្ត
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕SRP