អភិបាលខេត្តកំពង់ចាម ប្រាប់សមត្ថកិច្ចឲ្យបន្តបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងកំណត់ឲ្យបិទសំឡេង ឬឧបករណ៍រំខានត្រឹមម៉ោង១០យប់

អភិបាលខេត្តកំពង់ចាម ប្រាប់សមត្ថកិច្ច ឲ្យបន្តបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងកំណត់ឲ្យបិទសំឡេង ឬឧបករណ៍រំខានត្រឹមម៉ោង១០យប់

ខេត្តកំពង់ចាម៖ក្នុងទិសដៅភារកិច្ចឆ្នាំ ២០២៦ ខាងមុខនេះ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានដាក់ចេញនូវអនុសាសន៍ណែនាំឲ្យសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវបន្តប្រតិបត្តិការក្នុងការបង្ក្រាបទល្មើសគ្រឿងញៀន និងល្បីស៊ីសងអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទ រូមនឹងការកំណត់ឲ្យបិទសំឡេងតន្ត្រី ឬឧបករណ៍រំខានគ្រប់ប្រភេទ ត្រឹមម៉ោង១០យប់។

អនុសាសន៍ណែនាំបែបនេះ របស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងនៅព្រឹកមិញក្នុងឱកាសអញ្ជើញចូលរួមជាគណៈអធិបតី ជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ ថេត អគ្គស្នងការនគរបាលជាតិ ក្នុងសន្និបាតមកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងកាតកោតសរសើរ ដល់សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ ២០២៥ កន្លងមក ដោយសមិទ្ធផលទាំងអស់នោះគឺបានមកដោយសារការរួមសាមគ្គីគ្នា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តនូវបទបញ្ជា និងគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ហើយចំពោះ យើងនិងបន្តចំពោះកិច្ចការងារផ្សេងៗបន្ថែមទៀត ដែលមាននៅក្នុងផែនការប្រចាំឆ្នាំ២០២៦។

ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច រួមនឹងមន្ទីរបរិស្ថាន ចុះត្រួតពិនិត្យ ណែនាំ ធ្វើកិច្ចសន្យា ព្រមទាំង ជូនដំណឹងឲ្យ អាជីវករ លក់ដូរ កន្លែងកំសាន្ត និងភោជនីយដ្ឋាន ត្រូវបិទសំឡេងបាស ត្រឹមម៉ោង ១០ យប់ជាកុំហិត ព្រោះតែម៉ោងនេះ ជាពេលវេលា បងប្អូនប្រជាពលរដ្ឋសម្រាក។

ឯកឧត្តម អភិបាលខេត្ត បន្តថា កាលពីពេលកន្លងមកនេះ ឃើញថាការចាក់សំឡេងរំខានធុងបាស ចាក់លឺសំឡេងខ្លាំងៗ ធ្វើឲ្យប៉ះពាល់ដល់ការសម្រាករបស់ប្រជាពលរដ្ឋនៅពេលយប់ ដូច្នេះ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញគោលការណ៍ដល់ អភិបាល ក្រុង ស្រុក កម្លាំងសមត្ថកិច្ច ក្នុងនោះ មន្ទីរបរិស្ថាន ចុះណែនាំ ធ្វើកិច្ចសន្យាតាមច្បាប់កំណត់ នៅតាម បណ្តាលក្រុង- ស្រុក ទាំងអស់ យកចិត្តទុកដាក់ខ្ពស់បំផុត ដើរមើលតាម ភោជនីយ ដ្ឋាន ហាងផឹកស៊ីនាពេលរាត្រី និងកន្លែងកំសាន្ត សុំឲ្យបិទសំឡេង ជាបន្ទាន់ ត្រឹមម៉ោង១០ យប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកុំឲ្យរំខានដល់ដំណេករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំបន្ថែមដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តតាមដាន រឹតបន្តឹង ឲ្យបានតឹងរឹង ចំពោះអ្នកជួញដូរ ប្រើប្រាស់គ្រឿងញៀន ផ្សព្វផ្សាយដល់ម្ចាស់ផ្ទះសំណាក់ ផ្ទះជួល បិទផ្ទាំងផ្សព្វ ផ្សាយ ដាក់បំរាម ហាមប្រើប្រាស់គ្រឿង ញៀន ជួញដូរមនុស្ស ជួញដូរផ្លូវភេទ។ ឯកឧត្តម ក៏បានឲ្យសមត្ថកិច្ច យកចិត្តទុកដាក់ គ្រប់គ្រង លើក្មេងទំនើង កុំឲ្យមានសកម្មភាព វាយតបគ្នា កាប់ចាក់គ្នា ដែលបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនផងដែរថា ត្រូវធានាការពារដាច់ខាតនូវឍឿនសន្តិសុខជាតិ និងស្ថេរភាពសង្គម កសាងផែនការជាក់ស្ដែង ស្របតាមភូមិសាស្ត្រ ព្រមទាំងប្រមូលព័ត៌មាន ដើម្បីធ្វើការវាយតម្លៃ រាយការណ៍ ទាន់ពេលវេលាជូនថ្នាក់ដឹកនាំ ចាត់ការទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត៕SRP