គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប នឹងបើកការដ្ឋានឆាប់ៗនេះ នៅតំបន់ភាគខាងត្បូងមានប្រវែង ៤៦,៥៧ គីឡូម៉ែត្រ ពីស្រុកប្រាសាទបាគងទៅស្រុកពួក
អភិបាលរងខេត្តសៀមរាបលោក លី សារី នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈអំពីគម្រោងធ្វើទីតាំងជញ្ជីងថ្លឹងរថយន្តថ្មី ក្នុងស្រុកពួក ស្ថិតគម្រោងផ្លូវវាងក្រុងសៀមរាប ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ទាំង ៤ក្បាលដី នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
លោក លី សារី អភិបាលរងខេត្តមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីជូនដំណឹងដល់ម្ចាស់ក្បាលដីទាំង៤ប្លង់ និងពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ អំពីទីតាំងជញ្ជីងថ្លឹងរថយន្តថ្មី ក្នុងស្រុកពួក ដែលស្ថិតក្នុងគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ដែលមានប្រវែង ៤៦,៥៧ គីឡូម៉ែត្រ (PK0+000-PK46+570) ចំណុចចាប់ពីស្រុកប្រាសាទបាគង (ផ្លូវចូលព្រលានថ្មី) រហូតដល់ស្រុកពួក នៃខេត្តសៀមរាប (ខាងលិចសាលាស្រុកពួក) ដែលបានសិក្សារួច មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។
លោកអភិបាលរងខេត្តបន្ថែមថា គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប រៀបចំឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិយាកាស ក្នុងក្រុង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់តាមរយៈការបង្កើនលទ្ធភាពប្រើប្រាស់អន្តរតំបន់ ពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងខេត្ត ដែលជាទីក្រុងទេសចរណ៍ ពង្រីកតំបន់លំនៅដ្ឋាន និងជំរុញសកម្មភាពពាណិជ្ជកម្មនៅតំបន់ភាគខាងត្បូងនៃខេត្តសៀមរាបក្នុងរយៈពេលវែង និងចូលរួមចំណែកការពារទីក្រុងសៀមរាបពីការជន់លិចបឹងទន្លេសាប។
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ