ខេត្តសៀមរាប៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃម្សិលមិញ បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកទុក្ខ និងយកថវិកាមួយចំនួន ជូនក្រុមគ្រួសារទាំងអស់នៃសព លោកអនុសេនីយ៍ឯក កេត សុភត្រា នាយក្រុម៣ ដែលបានពលីជីវិតនៅលើសមរភូមិកាលពីថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងលោកអនុសេនីយ៍ឯក កុក មីរិនដា នាយរងក្រុម២ ដែលបានពលីជីវិតថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ឯកឧត្តម គុជ លីណា បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា “ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយលោកស្រី និងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់កូន និងសាច់ញាតិជាទីស្រឡាញ់ ដែលតែងតែប្រណិប័តន៍តាមគន្លងធម៌របស់ ឪពុក ម្តាយ និងក្រុមគ្រួសារ។ ការពលីជីវិត របស់ លោកអនុសេនីយ៍ឯក កេត សុភត្រា និងលោកអនុសេនីយ៍ឯក កុក មីរិនដា គឺជាការបាត់បង់វីរកងទ័ពកម្ពុជា ដែលមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។
ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ ខ្ញុំ និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក កេត សុភត្រា និងលោកអនុសេនីយ៍ឯក កុក មីរិនដា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP