អភិបាលខេត្តកំពង់ចាម រៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ចែកជូនដល់វីរៈកងទ័ពជួរមុខ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងរៀបចំអំបុកស្រូវថ្មី ចំនួន ១.០០០កញ្ចប់ ក្នុងមួយកញ្ចប់ ១គីឡូក្រាម រួមទាំងដាក់បញ្ចូលនូវសាច់ផាត់ ដើម្បីគាំទ្រដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងទប់ទលជាមួយចោរឈ្លានពានទឹកដី ក្រោមពាក្យស្លោករបស់សម្ដេចតេជោ «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។

ថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងាររៀបចំទទួលអំណោយ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងតស៊ូ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំឲ្យក្រុមការងារ រៀបចំបន្ថែមគ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ និងគ្រឿងសម្រាប់បរិភោគដែលមានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួន ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារទឹកដី និងមាតុភូមិនៃយើង។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្រៅពីនេះ អំណោយទាំងអស់របស់បងប្អូន សប្បុរសជនទាំងអស់ រដ្ឋបាលខេត្តនឹងចាត់ចែងបែងចែក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវ បានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព នានាក្នុងខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលជាកងពលសម្ព័ន្ធមេត្រីភាពជាមួយខេត្តកំពង់ចាម ផងដែរ៕SRP