ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសង្កត់ធ្ងន់ថា ជោគជ័យ និងក្តីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពពីស្មារតី ២ធ្នូ និងជ័យជម្នះ៧មករាដ៏រុងរឿងដែលបានបំភ្លឺផ្លូវក្នុងរយៈពេល៤៧ឆ្នាំកន្លងមក ហើយបច្ចុប្បន្ន យើងអាចឃើញច្បាស់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យដ៏ច្រើនអនេកដោយមានការចូលរួមចំណែកពីរណសិរ្ស ព្រមទាំងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជូនជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តម សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវា ជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដើម្បីដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃដោយផ្នែកលើច្បាប់អន្តរជាតិ។ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុលដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរឹងមាំបន្ថែមទៀត៕SRP