ខេត្តសៀមរាប៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកប្រតិបត្តិការឃាត់ខ្លួន
ជនសង្ស័យចំនួន១៩នាក់ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ហេតុការណ៍ឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រឹងបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។
លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ថា ពិតជាមានការឃាត់ខ្លួនជនបរទេស ១៩ នាក់ពិតប្រាកដមែន។ ប៉ុន្តែក្រុមនេះមិនទាន់ធ្វើសកម្មភាពនៅឡើយទេទើបតែមកស្នាក់នៅខេត្តសៀមរាបហើយត្រៀម ធ្វើសកម្មភាព។
សូមបញ្ជាក់ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ១៦នាក់ និងនេប៉ាល់៣នាក់៕SRP